កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនូវគំរូ Concept រថយន្ត SUV ៧កៅអី ថ្មីម៉ូដែល DST Concept នៅក្នុងព្រឹត្តិការណ៏ពិព័រណ៍រថយន្ត Philippine International Motor Show នៅក្នុងប្រទេសហ្វីលីពីន។
ចំពោះរថយន្តនេះ ត្រូវបានផលិតឡើងជាសំខាន់សម្រាប់ទីផ្សារប្រទេសតំបន់អាស៊ាន ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។
Mitsubishi DST Concept ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Unibody Platform អាចនឹងដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង របស់ Xforce ដែលអាចផលិតកម្លាំងបាន ១០៣ សេះ ដោយភ្ជាប់ជាមួយប្រអប់លេខ CVT ឫម៉ាសុីនផ្សេងៗធំជាងនេះ (រង់ចាំតាមដានភាគបន្ត) ប៉ុន្តែ Mitsubishi DST នឹងភ្ជាប់មកជាមួយនឹងប្រព័ន្ធបើកបរប៉ុង១ FWD រួមជាមួយនឹងរបៀបបើកបរចំនួន ៥ រួមមាន Normal, Tarmac, Gravel, Mud និង Wet ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយសម្ភារៈប្រណិតៗ រួមមាន កាបឡូបែបទំនើបមានភាពធំទូលាយ រួមជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទភ្លោះ កុងស៊ូលកណ្តាលបែបអនាគត កន្លែងសាកថ្មឥតខ្សែ កៅអីពូកស្បែក មានមុខងារម៉ាស្សា ក្តៅ-ត្រជាក់ ដៃចង្កូតរចនាថ្មី ម៉ាសុីនត្រជាក់អូតូ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម ៕