ក្រុមហ៊ុន Samsung បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវបន្ទះឈីប Samsung Exynos 1580 ដែលជាប្រព័ន្ធដំណើរការចល័តថ្មីបំផុត ទំហំ 4nm ដែលនឹងជំនួសឱ្យ Exynos 1480។
បន្ទះឈីប Samsung Exynos 1580 ថ្មីនេះ នឹងត្រូវប្រើប្រាស់លើស្មាតហ្វូន Galaxy A56 5G ដែលប្រើប្រាស់នូវ CPU Armv9 cores ថ្មី ដែលដំណើរការល្បឿន 2.9GHz សម្រាប់ Cortex-A720, 2.6GHz សម្រាប់ Cortex-A720 ចំនួន៣ core និង 1.95GHz សម្រាប់ Cortex-A520 ចំនួន៤ core ដែលមានសមត្ថភាពដំណើរការ single-core និង multi-core ប្រសើរជាងមុន បើយោងតាមក្រុមហ៊ុន។
ក្នុងនោះ Exynos 1580 មានបំពាក់ជាមួយ GPU Xclipse 540 ជំនាន់ទី៣ លើម៉ាសុីនផ្ទាល់ ដែលមានសមត្ថភាពដំណើរការប្រសើរឡើងចំនួន ៣៧ភាគរយ បើប្រៀបធៀបទៅនឹងជំនាន់មុន GPU ឥឡូវនេះមានប្រព័ន្ធដំណើរការ (WGPs) ចំនួន២ និងមានការកែលម្អក្នុងការគ្រប់គ្រងអង្គចងចាំ និងការបង្កើនប្រសិទ្ធភាពបញ្ហាកូដដែលនឹងផ្តល់នូវសមត្ថភាពគួរឱ្យកត់សម្គាល់សម្រាប់ការលេងហ្គេម និងកម្មវិធីក្រាហ្វិកធំៗ។
ចំណែក NPU វិញ បន្ទះឈីប Exynos 1580 មានការគាំទ្រប្រតិបត្តិការរហូតដល់ទៅ ១៤,៧ ពាន់ពាន់លានក្នុងមួយវិនាទី (TOPS) ជាមួយនឹងទំហំអង្គចងចាំកើនឡើងដល់ 2MB ដែលផ្តល់នូវបទពិសោធន៍ AI គុណភាពខ្ពស់។
សម្រាប់ផ្នែកបច្ចេកទេសផ្សេងៗ SoC នេះគាំទ្រ អេក្រង់ Full HD+ @ 144Hz, សេនស័រកាមេរ៉ារហូតដល់ 200MP, ការថតវីដេអូ ដល់កម្រិត 4K 60fps, LPDDR5 RAM, UFS 3.1 storage, 5G, Wi-Fi 6E, និង Bluetooth 5.4 ជាដើម៕