អញ្ជឹងនេះ គឺជារថយន្តអគ្គិសនីសុទ្ធ Mazda EZ-6 ស៊េរីថ្មីចុងក្រោយ ដែលទើបប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២២ ៨០០ ដុល្លារ ដល់ ២៨ ៥៥០ ដុល្លារ ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និងអគ្គិសនីលាយសាំង។
សម្រាប់ Mazda EZ-6 ស៊េរីថ្មីនេះ ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ២៥៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសកញ្ជប់អាគុយទំហំ ៥៦,១ និង ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៤៨០ ទៅ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ដែលអាចសាកឡើងពី ៣០ ទៅ ៨០ ភាគរយ ប្រើរយៈពេលត្រឹមតែ ១៥នាទី ប៉ុណ្ណោះ។
- ម៉ាស៊ីនកូនកាត់ EREV ឫ PHEV ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ៩៣ សេះ រួមនឹងម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD ដែលមានកម្លាំង ២១៤ សេះ ផ្គួបជាមួយជម្រើសកញ្ជប់អាគុយទំហំ ៥៦,១ និង ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ១៣០ ទៅ ២០០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលអាចសាកឡើងពី ៣០ ទៅ ៨០ ភាគរយ ប្រើរយៈពេលត្រឹមតែ ២០នាទី ប៉ុណ្ណោះ និងអាចបើកបរបានសរុប ១៣០០គីឡូម៉ែត្រ។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងរបស់រថយន្ត Changan Deepal SL03 ដែលមានប្រវែងតួខ្លួនសរុប ៤ ៩២១ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៤៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩៥ ម.ម ខណៈការរចនាផ្នែកខាងក្រៅមានភាពស្ព័រ និងសុីវិល័យ ដែលមានឲឈ្មោះថា “Kodo – Soul of Motion” ដែលផ្នែកខាងមុខបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ LED រាងស្លីម សម្រាប់ផ្នែកចំហៀងវិញប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ ដៃទ្វារប្រភេទអូតូបើកបិទដោយអគ្គិសនី រីឯផ្នែកខាងក្រោយមានការរចនាជាមួយចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅម្ខាង និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។
ចូលទៅកាន់នៅផ្នែកខាងក្នុងវិញ បានភ្ជាប់មកជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,១ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ heads-up display ទំហំ ៥០អ៊ីញ បាសបំពងសម្លេងម៉ាក Sony ចំនួន ១៤ចំនុច និងភ្លើងបំភ្លឺ mbient lighting ចំនួន ៦៤ពណ៌ ជាដើម ។ បន្ថែមពីនេះ Mazda EZ-6 ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត 2.5 របស់ក្រុមហ៊ុន Mazda ផងដែរ៕
គួរឲដឹងថា រថយន្តនេះ នឹងត្រូវចេញលក់ជាផ្លូវការនៅក្នុងទីផ្សារតំបន់អឺរ៉ុបនៅចុងឆ្នាំ២០២៤ នេះ ដោយផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង អគ្គិសនីលាយសាំង៕