កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានបញ្ចេញ Galaxy Z Fold 6 Special Edition ជាផ្លូវការ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាស្មាតហ្វូនដែលអាចបត់បានថ្មីពីក្រុមហ៊ុន Samsung និងមានការរចនាស្តើង និងស្រាលបំផុតក្នុងត្រកូលស៊េរី Galaxy Z Fold។
ចំពោះការដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ជាមួយតម្លៃលក់ប្រហែល ២ ០៤០ដុល្លារ ដែលមាន RAM 16GB អង្គផ្ទុកទិន្នន័យខាងក្នុង 512GB និងជម្រើសពណ៌ស្រមោលខ្មៅ។
សម្រាប់ Galaxy Z Fold 6 Special Edition មានកម្រាស់ ១០,៦ ម.ម | ៤,៩ ម.ម និងមានទម្ងន់ ២៣៦ ក្រាម ដែលធ្វើឱ្យវាស្តើងជាង Galaxy Z Fold 6 ១,៥ ម.ម និងស្រាលជាង ៣ ក្រាម។ នៅពេលលាតអេក្រង់មានទំហំ ៨អ៊ីញ ខណៈអេក្រង់ខាងក្រៅមានទំហំ ៦,៥ អ៊ីញ ដែលផ្នែកខាងក្រោយមានការរចនាជាមួយស៊ុមអាលុយមីញ៉ូមពាសដែក ហើយបន្ទះអេក្រង់ខាងមុខ និងខាងក្រោយរបស់វាត្រូវបានផលិតពីកញ្ចក់ Corning Gorilla Glass Victus 2។
បើនិយាយពីផ្នែកកាមេរ៉ាវិញ មានលក្ខណៈខុសគ្នាបន្តិចបន្តួចពី Z Fold 6 ដោយកំណែ Special Edition បំពាក់នូវកាមេរ៉ាចម្បងទំហំ 200 មេហ្គាភិចសែល ដែលអាចប្រើបានជាមួយមុខងារ OIS បូករួមជាមួយលេន ultra-wide 12-megapixel មានមុខងារ autofocus និងលេន telephoto ទំហំ 10-megapixel គាំទ្រការថតអុបទិក 3x ចំណែកកាមេរ៉ា selfie មានទំហំ 10-megapixel បូករួមជាមួយកាមេរ៉ាទំហំ 4-megapixel ជាប្រភេទលេនក្នុងអេក្រង់។ លើកលែងតែកាមេរ៉ាខាងក្នុង កាមេរ៉ាទាំងអស់របស់ Z Fold 6 Special Edition គាំទ្រការថតវីដេអូ 4K 60fps ចំណែកកាមេរ៉ាចម្បងខាងក្រោយគាំទ្រការថតវីដេអូដល់កម្រិត 8K 30fps។
លើសពីនេះទៅទៀត Galaxy Z Fold 6 Special Edition ដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 3 និងភ្ជាប់មកជាមួយ Galaxy AI និង One UI 6.1.1 នៅលើ Android 14 ។ ក្នុងនោះ Galaxy Z Fold 6 Special Edition នឹងទទួលបានកំណែអាប់ដេត One UI 7.0 នៅលើ Android 15 នៅដើមឆ្នាំ២០២៥។ ក្រៅពី Android 15 វាត្រូវបានបញ្ជាក់ថានឹងទទួលបានការអាប់ដេតប្រព័ន្ធប្រតិបត្តិការចំនួន៥ បន្ថែមទៀត និងការអាប់ដេតប្រព័ន្ធសុវត្ថិភាពក្នុងរយៈពេល ៧ឆ្នាំ។
ចំណែកថាមពលថ្ម Galaxy Z Fold 6 Special Edition ទទួលបានកញ្ជប់ថ្មទំហំ 4,400mAh ជាមួយនឹងជំនួយការសាកឥតខ្សែ 25W និង 15W Wireless ។ វាផ្តល់នូវមុខងារតភ្ជាប់ដូចជា ការគាំទ្រការប្រើប្រាស់ស៊ីមបានចំនួន២, e-SIM, 5G, Wi-Fi 7 និង Bluetooth 5.3 ជាដើម ដែលអាចស្កេនក្រយៅដៃនៅចំហៀងបាន៕4