[បរទេស] បន្ទាប់ពីចេញលក់ជាផ្លូវការបានរយៈពេល ១ខែ ពេលនេះអ្នកប្រើប្រាស់ទូរស័ព្ទដៃ iPhone 16 ជាច្រើន ជាពិសេសអ្នកដែលប្រើប្រាស់ iPhone 16 Pro និង iPhone 16 Pro Max ជាច្រើននាក់បានរាយការណ៍ថា ទូរស័ព្ទរបស់ពួកគេកំពុងជួបបញ្ហាគាំង (freeze និង restart) នៅពេលប្រើប្រាស់។
ចំពោះបញ្ហានេះ បានកើតឡើងមុនពេលដែលអ្នកប្រើប្រាស់បានអាប់ដេតទៅកំណែ iOS 18.0.1 ប៉ុន្តែសូម្បីតែក្រោយការអាប់ដេត បញ្ហានេះក៏នៅតែបន្តកើតឡើង និងអាចកើនដល់ ២០ ដងក្នុងមួយថ្ងៃ។
សម្រាប់អ្នកប្រើប្រាស់ទាំងនោះបាននិយាយពន្យល់ថា ទូរស័ព្ទរបស់ពួកគេមានការគាំងនៅពេលកំពុងប្រើកម្មវិធីធម្មតាៗដូចជា Settings, Calendar និង CarPlay និងសូម្បីតែការទុកចោលមិនលេងអ្វីសោះនោះក៏ដោយ (standby mode)។ លើសពីនេះទៅទៀត ពួកគេបានព្យាយាមធ្វើការរីស្ដាត (restart) ទូរស័ព្ទ ប៉ុន្តែមិនអាចដោះស្រាយបញ្ហានេះបាននោះឡើយ(ត្រូវចំណាយពេលយូរក្នុងការដែលទូរស័ព្ទអាចបើកដំណើរការម្តងទៀតបាន)។
ក្នុងនោះផងដែរ អ្នកប្រើប្រាស់ទាំងនោះសង្ឃឹមថា Apple នឹងដោះស្រាយបញ្ហានេះតាមរយៈការអាប់ដេត iOS ថ្មីនៅពេលអនាគត ខណៈរហូតមកដល់ពេលនេះក្រុមហ៊ុន Apple មិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទេអំពីមូលហេតុនៃបញ្ហានេះនោះឡើយ៕