កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC និង Toyota បានធ្វើការដាក់បង្ហាញចេញនូវតម្លៃលក់របស់រថយន្តអគ្គិសនី Toyota bZ3X សេរ៊ីថ្មី ជាមួយតម្លៃលក់ចាប់ពី ២៨ ១០៤ ដុល្លារ នៅទីផ្សារប្រទេសចិន ខណៈការចេញលក់ជាផ្លូវការគឺនឹងធ្វើឡើងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។
រថយន្ត Toyota bZ3X មានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៨៧៥ ម.ម កម្ពស់ ១ ៦៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម អាចនឹងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបាន ១៧៤ និង ២៤១ សេះ និងកម្លាំងរមួល ៣០៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៤៩,៩ និង ៦៥,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយដល់ ៦១៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
សម្រាប់ការរចនាផ្នែកខាងក្រៅ មានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងអាចប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ ដល់ ២០ អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុង អាចនឹងត្រូវបានឌីស្សាញឡើងដោយមានអេក្រង់ព៌ត័មានឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាសម្រាប់បញ្ជាមុខងារទូទៅ កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ទីតាំង ដំបូលកញ្ចក់ Panoramic Glass Roof ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរ Toyota Safety Sense 3.0 ផងដែរ៕