[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការប្រកាសដាក់បង្ហាញបញ្ចេញជាផ្លូវការនូវរថយន្តអគ្គិសនី MG ES5 ជាមួយតម្លៃលក់ចាប់ពី ១៤ ១០០ ដុល្លារ ដល់ ២១ ២០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
រថយន្តអគ្គិសនី MG ES5 មានប្រវែងតួខ្លួនសរុប ៤ ៤៧៦ ម.ម ទទឹង ១ ៨៤៩ ម.ម កម្ពស់ ១ ៦២១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ វិលកង់ក្រោយ ផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយ Lithium iron phosphate battery ទំហំ ៤៩,១ និង ៦២,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៤២៥ ទៅ ៥២៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ខណៈនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ អំពូល ambient lighting ដំបូលកញ្ជក់ panoramic sunroof រួមជាមួយមុខងារទម្លាក់ទម្លើងកៅអីមុខ-ក្រោយ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនផងដែរ៕