កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Robotaxi ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំជាយូរមកហើយមានឈ្មោះថា Cybercab ។
ចំពោះរថយន្តនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា បើកបរស្វ័យប្រវត្តិ ហើយត្រូវបានរចនាដោយមិនមានដៃចង្កូត និងឈ្នាន់។ ហើយក្រុមហ៊ុន Tesla គ្រោងចាប់ផ្តើមផលិតនៅឆ្នាំ២០២៦ ហើយមានតម្លៃលក់ក្រោម ៣០ ០០០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
សម្រាប់លក្ខណៈពិសេសរបស់ Cybercab មានដូចជា៖
- រចនាដោយមិនមានដៃចង្កូត ឬឈ្នាន់ ដោយសារតែជារថយន្តបើកបរស្វ័យប្រវត្តិ។
- ផ្ទៃខាងក្នុងមានលក្ខណៈទំនើប សម្រាប់អ្នកដំណើរចំនួន ២នាក់ និងមានអេក្រង់ព័ត៌មានកម្សាន្តធំ។
- រចនាការជាមួយនឹងរបារភ្លើង LED ដែលផ្តល់នូវរូបរាងជារថយន្តបែបនាពេលអនាគត។
- បំពាក់ជាមួយទ្វារស្លាបមេអំបៅ ដើម្បីចេញចូលស្រួល ។ល។
- បំពាក់ជាមួយថាសកង់ប្រភេទ Solid-Aero Cover ដែលជួយបង្កើនថាមពលឌីណាមិករបស់រថយន្ត និងជួយឲការបើកបរមានប្រសិទ្ធភាពឡើង។
គួរបញ្ជាក់ថា Tesla មិនបានបញ្ចេញព័ត៌មានលម្អិតអំពី ចម្ងាយសាក ឬ ថាមពល របស់រថយន្តនេះជាផ្លូវការទេ៕