កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីប MediaTek បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវបន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 9400 ដែលជា SoC ចុងក្រោយបំផុតរបស់ក្រុមហ៊ុនដែលស្នងតំណែងពី Dimensity 9300 និង 9300+។
ចំពោះបន្ទះឈីបនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន TSMC របស់ប្រទេសតៃវ៉ាន់ មានទំហំ 3nm ប្រើប្រាស់នូវបច្ចេកវិទ្យាជំនាន់ទី២ ក្នុងការផលិត និងបំពាក់នូវស្ថាបត្យកម្មដែលមាន CPU ធំ ជំនាន់ទី២។ ហើយបន្ទះឈីបថ្មីនេះ មានសមត្ថភាពសន្សំសំចៃថាមពលចំនួន ៤០ភាគរយ នៃការប្រើប្រាស់បើប្រៀបធៀបទៅនឹងជំនាន់មុន។
ក្នុងនោះ Dimensity 9400 ប្រើប្រាស់នូវ CPU 1 x ARM Cortex-X925 cores ដែលដំណើរការល្បឿន 3.62GHz, 3 x Cortex-X4 cores 3.30 GHz និង 4 x Cortex-A720 cores 2.4GHz ដែលមានសមត្ថភាពដំណើរការ single-core ខ្លាំងជាងមុនចំនួន ៣៥ភាគរយ និង multi-core ចំនួន ២៨ភាគរយ។ លើសពីនេះទៅទៀត Dimensity 9400 ប្រើប្រាស់នូវ GPU 12-core Immortalis-G925 ដែលផ្តល់ប្រសិទ្ធភាពខ្ពស់ជាងមុន និងមានសមត្ថភាពសន្សំសំចៃថាមពលបានប្រសើរជាងមុនចំនួន ៤៤ភាគរយ បើយោងតាមក្រុមហ៊ុន។
បើនិយាយពីការលេងហ្គេម Dimensity 9400 ផ្តល់បទពិសោធន៍លេងហ្គេមដ៏រលូន និងគុណភាពរូបភាពខ្ពស់ ដែលត្រូវបានសហការបង្កើតឡើងដោយ MediaTek និង Arm Accurate Super Resolution (Arm ASR)។ ហើយ Dimensity 9400 ក៏បំពាក់ដោយ APU NPU 890 ជំនាន់ទី៨ ផងដែរ សម្រាប់សមត្ថភាពដំណើរការ AI ឲលឿនជាងមុនដល់ទៅ ៨០ភាគរយ។
សម្រាប់បន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 9400 គាំទ្រការថតវីដេអូ 8K60FPS, សេនស័រកាមេរ៉ា 320MP, បន្ទះអេក្រង់ WQHD+ 180Hz និងបន្ទះអេក្រង់បត់ 3តង់ និងគាំទ្រការតភ្ជាប់ Wi-Fi 7 និង Bluetooth 5.4 ជាដើម។
ទន្ទឹងនឹងនេះផងដែរ បន្ទះឈីប Dimensity 9400 នឹងត្រូវប្រើប្រាស់នូវលើស្មាតហ្វូនជំនាន់ថ្មី Vivo X200 Series និង OPPO Find X8 Series ដែលគ្រោងប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះនៅក្នុងទីផ្សារប្រទេសចិន៕