កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Oppo បានប្រកាសថា ទូរស័ព្ទដៃសេរ៊ីថ្មី Oppo Find X8 Series នឹងត្រូវដាក់បង្ហាញចេញជាផ្លូវ នៅក្នុងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងទីផ្សារប្រទេសចិន រួមមាន Find X8, Find X8 Pro និង Find X8 Pro Satellite ខណៈ Find X8 Ultra វិញអាចនឹងចេញលក់នៅក្នុងខែមករា ឆ្នាំ២០២៥។
ទូរស័ព្ទដៃ Oppo Find X8 នឹងបំពាក់ដោយអេក្រង់ទំហំ ៦,៥ អ៊ីញ 120Hz មានកម្រិតបង្ហាញ ឫ Resolution 1.5K ចំណែកទូរស័ព្ទដៃ Oppo Find X8 Pro វិញនឹងបំពាក់ដោយអេក្រង់ទំហំ ៦,៧ អ៊ីញ។ លើសពីនេះទៅទៀតទូរស័ព្ទដៃ Oppo Find X8 Ultra ត្រូវបានគេរំពឹងថានឹងទទួលបានអេក្រង់គុណភាពបង្ហាញខ្ពស់ជាងមុន និងការគាំទ្រ HDR10+ រួមជាមួយការរចនាគែម bezels ស្ដើងជាងមុន និងធន់ជាងមុន។
សម្រាប់ ទូរស័ព្ទដៃ Oppo Find X8 Series នឹងដំណើរការដោយបន្ទះឈីប MediaTek Dimensity 9400 ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន TSMC របស់ប្រទេសតៃវ៉ាន់ មានទំហំ 3nm ប្រើប្រាស់នូវបច្ចេកវិទ្យាជំនាន់ទី២ ក្នុងការផលិត និងបំពាក់នូវស្ថាបត្យកម្មដែលមាន CPU ធំ ជំនាន់ទី២ ហើយបន្ទះឈីបថ្មីនេះ មានសមត្ថភាពសន្សំសំចៃថាមពលចំនួន ៤០ភាគរយ នៃការប្រើប្រាស់បើប្រៀបធៀបទៅនឹងជំនាន់មុន រួមជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 ឫ 15 ព្រមទាំងទទួលបាន RAM 16GB សម្រាប់ Find X8 និង X8 Pro ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ Oppo Find X8 Series ក៏នឹងបំពាក់មកជាមួយអាវការពារទឹក និងធូលី IP69 ផងដែរ។