កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទិន្នន័យនៃការលក់រថយន្ត Toyota Camry ស៊េរីឆ្នាំ២០២៥ របស់ខ្លួន នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយលក់បានចំនួនសរុបរដល់ទៅ ២២៧ ៥៧៦ គ្រឿង កើនឡើង ៤,៤% បើធៀបនឹងឆ្នាំមុន។ ចំពោះទិន្នន័យនេះ ត្រូវបានរាប់គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ។
ប៉ុន្តែបើគិតស្រមៃទៅលើទិន្នន័យដែលបានដាក់ចេញ នោះមានន័យថា ក្រុមហ៊ុនផលិតរថយន្ត Toyota អាចលក់រថយន្ត Toyota Camry ស៊េរីឆ្នាំ២០២៥ បានជាមធ្យមបានចំនួន ៨៣៣ គ្រឿងក្នុងមួយថ្ងៃ។
គួរឲ្យដឹងថា Toyota Camry ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងជម្រើសម៉ូទ័រអគ្គិសនីចំនួន២ និង ៣ អាចផលិតកម្លាំងបានសរុបចំនួន ២២៥ សេះ និង ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្គួបជាមួយអាគុយប្រភេទលីចូម (Lithium-ion battery) មានទាំងជម្រើសប៉ុង ១ FWD និងប៉ុង ២ 4WD រួមជាមួយកម្រិតស៊ីប្រេងខ្ទង់ពី ៤,៤ ទៅ ៤,៧លីត្រ ក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។
បើនិយាយពី Option វិញ រថយន្តនេះ ត្រូវបានភ្ជាប់មកជាស្តង់ដារជាមួយ ចង្កៀងមុខប្រភេទ Bi-LED ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ដល់ ១៨ អ៊ីញ អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ៩ចំនុច។ លើសពីនេះទៅទៀត ក៏បំពាក់មកដោយកញ្ចប់សុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ។
ក្នុងនោះផងដែរ រថយន្ត Toyota Camry ស៊េរីឆ្នាំ២០២៥ នេះ ក៏ទទួលបាននូវចំណាត់ថ្នាក់ផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃ និងទទួលបានពានរង្វាន់សុវត្ថិភាពខ្ពស់បំផុត Top Safety Pick+ ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) សហរដ្ឋអាមេរិក។
ចំពោះរថយន្ត Toyota Camry ស៊េរីឆ្នាំ២០២៥ គឺមានតម្លៃលក់ចាប់ពី ២៨ ៤០០ ដុល្លារ ដល់ ៣៤ ២៩៥ ដុល្លារ នៅក្នុុងទីផ្សារ សហរដ្ឋអាមេរិក៕