[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Wuling Bingo ប្រភេទ SUV អគ្គិសនីសុទ្ធ ៥កៅអី ជាមួយតម្លៃលក់ចាប់ពី ១០ ៧៥០ ដុល្លារ ដល់ ១៣ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសសចិន។
រថយន្ត Wuling Bingo ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Tianyu M Modular Architecture មានប្រវែងតួខ្លួនសរុប ៤ ០៩០ ម.ម ទទឹង ១ ៧២០ ម.ម កម្ពស់ ១ ៥៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៨០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣១,៩ | ៣៧,៩ | ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣០ | ៤០១ | ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល ៣៥នាទី ប៉ុណ្ណោះ។
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានការឌីស្សាញថ្មី ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងមូល ព្រមទាំងប្រើប្រាសនៅថាសកង់ស្ព័រទំហំ ១៥អ៊ីញ និងកាង Spoiler ជាប់ដំបូលលយចេញមកក្រៅ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត Touchscreen ទំហំ ១០,២៥ អ៊ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ LING OS system រួមជាមួយប្រព័ន្ធជំនួយការបើកបរជាច្រើនផងដែរ៕