យោងតាមឯកសារដែលបានធ្វើឡើងជាមួយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក U.S. Securities & Exchange Commission បានឲ្យដឹងថាលោក Kimbal Musk ដែលជាប្អូនប្រុសរបស់លោក Elon Musk និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Tesla Inc បានលក់ភាគហ៊ុនរបស់ខ្លួន ចំនួន ២៥,៦ លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។
យោងតាមឯកសារខាងលើបានឲ្យដឹងថា បុរសវ័យ ៤៨ ឆ្នាំរូបនេះបានលក់ភាគហ៊ុនចំនួន ៣០ ០០០ នៅថ្ងៃទី ៩ ខែកុម្ភៈក្នុងតម្លៃជាមធ្យម ៨៥២,១២ ដុល្លារក្នុងមួយភាគហ៊ុន។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៥,៣% កាលពីថ្ងៃពុធ មកនៅត្រឹម ៨០៤,៨២ ដុល្លារ។
គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន Tesla បានកើនឡើងតម្លៃខ្លួន ៧៤៣ ភាគរយនៅឆ្នាំ ២០២០ និងកើនឡើង ១៤ ភាគរយទៀតនៅឆ្នាំនេះ។
យ៉ាងណាមិញ ប្រតិបត្តិការខាងលើនេះបានកាត់បន្ថយការកាន់កាប់ភាគហ៊ុនរបស់ លោក Kimbal Musk មកត្រឹម ៥៩៩ ៧៤០ ភាគហ៊ុន ដែលស្មើនឹងតម្លៃ ៤៨៣ លានដុល្លារ៕