ក្រុមហ៊ុន Energy Absolute Plc (EA) មានបំណងបង្កើនចំនួនកន្លែងសាកភ្លើងរថយន្តអគ្គិសនី ដល់ទៅ ១ ០០០ កន្លែង នៅទូទាំងប្រទេសថៃ នៅចុងឆ្នាំ ២០២១ នេះ បន្ទាប់ពីទទួលបានប្រាក់កម្ចីបៃតង (green loan) ពីធនាគារ Asian Development Bank (ADB)។ នេះបើតាមការឲ្យដឹងពីអនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុន EA លោក Amorn Sapthaweekul។
បច្ចុប្បន្ននេះក្រុមហ៊ុន EA កំពុងដំណើរការស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី ចំនួន ៤០០ កន្លែង ក្នុងចំណោមស្ថានីយ៍សាកចំនួន ៨១៧ នៅក្នុងប្រទេសថៃ។
គួរឲ្យដឹងថា ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនីផ្សេងទៀត ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនប្រេង PTT Oil and Retail, អាជ្ញាធរផលិតអគ្គិសនីថៃ (Electricity Generating Authority of Thailand), អាជ្ញាធរអគ្គិសនីក្រុង (Metropolitan Electricity Authority), អាជ្ញាធរអគ្គិសនីខេត្ត (Provincial Electricity Authority) និងអ្នកផ្គត់ផ្គង់ឆ្នាំងសាក៕