ក្រុមហ៊ុនភេសជ្ជៈ Coca-Cola កំពុងតែធ្វើការសាកល្បងប្រើប្រាស់ដបក្រដាសជាលើកដំបូង ដែលជាផ្នែកមួយនៃការលុបបំបាត់ប្លាស្ទិចចេញពីការវេចខ្ចប់របស់ខ្លួនទាំងស្រុង។
គំរូដើមនៃដបនោះត្រូវបានផលិតដោយក្រុមហ៊ុនដាណឺម៉ាក ពីសំបកក្រដាសរឹង ដែលនៅតែមានស្រទាប់ផ្លាស្ទិចស្តើងពីខាងក្នុង។ ប៉ុន្តែគោលដៅគឺបង្កើតដបដែលមិនមែនជាផ្លាស្ទិច ហើយអាចកែច្នៃឡើងវិញបាន ១០០ ភាគរយ ដែលមានសមត្ថភាពការពារឧស្ម័នគេចចេញពីភេសជ្ជៈដែលមានជាតិកាបូន។
គួរឲ្យដឹងដែរថា អ្វីដែលជាឧបសគ្គនោះគឺ ត្រូវធានាថាមិនមានជាតិសរសៃផុយ ចូលក្នុងអង្គធាតុរាវរបស់ភេសជ្ជៈឡើយ។
បញ្ហានេះដែរអាចបង្កឲ្យមានហានិភ័យនៃការផ្លាស់ប្តូររសជាតិរបស់ភេសជ្ជៈ ឬអាចនឹងធ្វើឲ្យខូចដល់សុខភាព និងសុវត្ថិភាពអ្នកផឹក។ ប៉ុន្តែក្រុមហ៊ុន Coca-Cola កំពុងគាំទ្រផែនការនេះ ដោយបានកំណត់គោលដៅ ផលិតកម្មគ្មានកាកសំណល់ នៅឆ្នាំ ២០៣០។
កាលពីឆ្នាំមុន ក្រុមហ៊ុន Coca-Cola បានជាប់ចំណាត់ថ្នាក់ ជាអ្នកបំពុលផ្លាស្ទិចលេខមួយនៅលើពិភពលោក ដោយក្រុមសប្បុរសធម៌ Break Free From Plasticដែលតាមពីក្រោយដោយ Pepsi និង Nestle៕