ក្រុមហ៊ុន Ford បានប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១,០៥ ពាន់លានដុល្លារអាមេរិក នៅក្នុងប្រតិបត្តិការផលិតកម្មអាហ្រ្វិកខាងត្បូងរបស់ខ្លួន នៅក្នុងអ្វីដែលជាការវិនិយោគដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនផលិតរថយន្ត នៅក្នុងប្រទេសនេះ។
នាយកប្រតិបត្ដិផ្នែក International Market Group របស់ក្រុមហ៊ុន Ford លោក Andrea Cavallaro បានបញ្ជាក់ថាក្រុមហ៊ុន Ford គ្រោងនឹងបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំរបស់ខ្លួននៅអាហ្វ្រិកខាងត្បូង ពី ១៦៨,០០០ ដល់ ២០០,០០០ គ្រឿង។
ការវិនិយោគនៅអាហ្វ្រិកខាងត្បូងនឹងរួមបញ្ចូលទឹកប្រាក់ចំនួន ៦៨៣ លានដុល្លារ សម្រាប់ការកែលម្អបច្ចេកវិទ្យា និងកន្លែងថ្មីនៅរោងចក្ររបស់ខ្លួន នៅ Silverton។ ទឹកប្រាក់ចំនួន ៣៦៥ លានដុល្លារបន្ថែមទៀត នឹងត្រូវប្រើដើម្បីកែលម្អឧបករណ៍នៅតាមរោងចក្រផ្គត់ផ្គង់ធំៗ នៅទូទាំងប្រទេស។
ក្រុមហ៊ុន Ford និយាយថា ការបង្កើនសមត្ថភាពផលិតកម្មនឹងបង្កើតការងារថ្មីចំនួន ១ ២០០ កន្លែង និងបន្ថែមការងារចំនួន ១ ម៉ឺនទៀតនៅទូទាំងបណ្តាញអ្នកផ្គត់ផ្គង់របស់ខ្លួន។ លោក Cavallaro បានបន្ថែមទៀតថា ក្រុមហ៊ុន Ford ចង់ធ្វើឲ្យរោងចក្រ Silverton របស់ខ្លួន មានថាមពលគ្រប់គ្រាន់ដោយខ្លួនឯង នៅត្រឹមឆ្នាំ ២០២៤៕