កាលពីពេលថ្មីៗនេះ បើយោងតាមរបាយការណ៍ពី @OnLeaks បានឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងត្រៀមខ្លួនក្នុងការដាក់បង្ហាញចេញលក់ជាផ្លូវការនូវស្មាតហ្វូន Samsung Galaxy S25 Series របស់ខ្លួននៅក្នុងខែមករាឆ្នាំក្រោយ ដោយក្នុងនោះ Samsung Galaxy S25 Ultra នឹងប្រើប្រាស់បន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm។
ក្នុងនោះពួកគេបានបង្ហាញថា Samsung Galaxy S25 Ultra នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ជំនួសឱ្យបន្ទះឈីប Exynos 2500 ដែល Samsung បានប្រើពីមុន រួមជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ One UI 7។ សម្រាប់បន្ទះឈីប Snapdragon 8 Gen 4 នឹងទទួលបានសមត្ថភាពនៅក្នុងការដំណើរការ AI និង GPU បានល្អជាងមុខចំនួន ៣០ភាគរយ បើធៀបនឹងបន្ទះឈីបចាស់ ដើម្បីប្រកួតប្រជែងជាមួយ iPhone 16 របស់ Apple ដែលសង្កត់ធ្ងន់លើសមត្ថភាព AI ។
ចំពោះទូរស័ព្ទដៃនេះ ត្រូវបានរំពឹងថានឹងទទួលបានកាម៉េរ៉ាគោលទំហំ 200MP, លេន Ultra-Wide ទំហំ 50MP, លេន Telephoto ចំនួន២ ទំហំ 10MP 3x និង 50MP 5x ខណៈកាម៉រ៉ាខាងមុខមានទំហំ 12MP។ ចំណែកថាមពលថ្មវិញ អាចនឹងទទួលបានថ្មទំហំ 5000mAh គាំទ្រការសាក 45W។
ក្នុុងនោះផងដែរ Galaxy S25 Ultra អាចនឹងមានគែមខ្លីជាងមុន ធំទូលាយជាងមុន ហើយទម្ងន់ក៏អាចស្រាលជាងមុខផងដែរត្រឹមតែ ២១៩ក្រាមប៉ុណ្ណោះ ស្រាលជាង S24 Ultra ចំនួន ១៣ក្រាម៕