កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានប្រកាសថា រថយន្ត SUV កូនកាត់ Plug-in Hybrid ថ្មីរបស់ខ្លួនគឺ Chery Fulwin T10 បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Record ថ្មី ក្នុងនាមជារថយន្តប្រភេទ Plug-in Hybrid ដែលអាចបើកបរបានចម្ងាយឆ្ងាយបំផុតពោល ២ ១០០គីឡូម៉ែត្រ នៅពេលមានសាំងពេញ និងថ្មពេញ។
គួរបញ្ជាក់ថា រថយន្តនេះ បានធ្វើតេស្តបើកបរសាកល្បងក្នុងរយៈពេល ៣ថ្ងៃ ពីទីក្រុង Shangri-La ក្នុងខេត្ត Yunnan ប្រទេសចិន មកដល់ទីក្រុង Zhuhai ក្នុងខេត្ត Guangdong ប្រទេសចិន ដែលមានចម្ងាយផ្លូវខ្ទង់ ១ ៨០០គីឡូម៉ែត្រ ប៉ុន្តែរថយន្តមួយនេះអាចបើកបរបានដល់ទៅ ២ ១០០ គីឡូម៉ែត្រ ដែលលើសពីកំណត់ត្រាដើមដល់ទៅ ៣០០ គីឡូម៉ែត្រ។
គួរឲ្យដឹងថា រថយន្តនេះ ដំណើរការដោយ៖
- ម៉ាសុីនកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbo ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងសរុបបាន ៣៦៩ សេះ ផ្គួបជាមួយអាគុយទំហំ ៣៤,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយ ២៩៩គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីសុទ្ធ។
- ម៉ាសុីនកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbo ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង២ 4WD អាចផលិតកម្លាំងសរុបបាន ៦០១ សេះ និងកម្លាំងរមួល ៩៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៤,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយ ២០៩គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីសុទ្ធ៕