កាលពីពេលថ្មីៗនេះ បើយោងតាម Nikkei Asia បានឲដឹងថា ក្រុមហ៊ុន Apple អាចនឹងធ្វើការផ្លាស់ប្តូរអេក្រង់ទូរស័ព្ទដៃ iPhone ទាំងអស់របស់ខ្លួនទៅជាអេក្រង់ OLED ចាប់ពីឆ្នាំក្រោយ។ ការផ្លាស់ប្តូរនេះនឹងរាប់បញ្ចូលទាំង iPhone SE 4 ដែលពីមុនបានប្រើអេក្រង់ LCD ។ លើសពីនេះទៅទៀត ក្រុមហ៊ុនមួយនេះក៏បានដាក់បញ្ជាទិញអេក្រង់ OLED របស់ក្រុមហ៊ុន BOE Technology Group របស់ប្រទេសចិន និង LG Display របស់ប្រទេសកូរ៉េខាងត្បូងសម្រាប់ទូរស័ព្ទដៃសេរ៊ី iPhone SE របស់ខ្លួនផងដែរ។
ចំពោះការសម្រេចចិត្តនេះ មានន័យថាក្រុមហ៊ុនផ្គត់ផ្គង់របស់ប្រទេសជប៉ុន Japan Display (JDI) និង Sharp ដែលធ្លាប់កាន់កាប់ចំណែកទីផ្សារដ៏សំខាន់នៃ LCD នឹងលែងចូលរួមក្នុងការផលិតអេក្រង់សម្រាប់ iPhone ទៀតហើយ។ គួរឲដឹងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុន JDI និង Sharp បានផ្គួតផ្គង់អេក្រង់ប្រមាណ ៧០ភាគរយ នៃអេក្រង់ទាំងអស់របស់ iPhone ។
ជំរាបថា ខណៈពេលនេះដែរ ក្រុមហ៊ុន JDI កំពុងកែសម្រួលយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួនដោយផ្តោតលើការផលិតអេក្រង់ LCD សម្រាប់នាឡិកាដៃ Apple Watch វិញស្របពេលដែលក្រុមហ៊ុន Sharp បានប្រកាសកាត់បន្ថយប្រព័ន្ធប្រតិបត្តិការ LCD របស់ខ្លួន ដោយប្រកាសបិទរោងចក្រមួយកន្លែង និងប្រកាសកាត់បន្ថយទិន្នផលនៅរោងចក្រមួយទៀត។
បើគិតត្រឹមឆ្នាំ២០២៣ ការផ្គត់ផ្គង់ LCD របស់ JDI និង Sharp ដល់ Apple បានធ្លាក់ចុះយ៉ាងខ្លាំងពី ២០០ លានបន្ទះក្នុងមួយឆ្នាំ នៅក្នុងឆ្នាំ២០១៥ មកនៅត្រឹម ២០ លានបន្ទះប៉ុណ្ណោះ។
បច្ចុប្បន្ន ក្រុមហ៊ុន Samsung Electronics បានគ្រប់គ្រងទីផ្សារ OLED សម្រាប់ទូរស័ព្ទដៃ iPhone ប្រមាណ ៥០ភាគរយ, LG Display ប្រមាណ ៣០ភាគរយ និង BOE ប្រមាណ ២០ភាគរយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានប្រើប្រាស់អេក្រង់ OLED ជាលើកដំបូងរបស់ខ្លួនជាមួយ iPhone X ក្នុងឆ្នាំ២០២១៧៕