កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន MG បានប្រកាសថា ខ្លួនបាននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីសេរ៊ីថ្មី ដែលប្រើប្រាស់នូវបច្ចេកវិទ្យាថ្មថ្មីរបស់ខ្លួន Solid-State Battery ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៥ ខាងមុខនេះ មុនពេលចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៦។
ក្នុងនោះបើយោងតាមលោក Yu Jingmin អនុប្រធានប្រតិបត្តិផ្នែកប្រតិបត្តិការរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន SAIC Motor បាននិយាយថា បច្ចេកវិទ្យាថ្មថ្មីនេះ គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនខ្លួនផ្ទាល់ សម្រាប់ប្រើប្រាស់នៅក្នុងរថយន្តអគ្គិសនីរបស់ MG។ ក្នុងនោះផងដែរ លោកនិយាយបញ្ជាក់ទៀតថា រថយន្ត SUV អគ្គិសនីថ្មី MG S5 នឹងត្រូវដាក់បង្ហាញចេញជាផ្លូវការនៅក្នុងប្រទេសចិនក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដែលប្រវែងមានតួខ្លួនសរុប ៤ ៤៧៦ ម.ម ជាមួយជម្រើសម៉ូទ័រអគ្គិសនីចំនួន១ និងម៉ូទ័រអគ្គិសនីចំនួន២។
គួរឲដឹងថា បច្ចេកវិទ្យាថ្មថ្មីនេះ គឺមានសមត្ថភាពថាមពលខ្ពស់ជាងថ្ម lithium-iron-phosphate (LFP) ចំនួន២ដង ដែលមានទំហំ ១៣៣ គីឡូវ៉ាត់់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ១ ០៨៣ គីឡូម៉ែត្រ នៅពេលសាកពេញម្តង។ លើសពីនេះទៅទៀត វាក៏គាំទ្រការសាកល្បឿនលឿនផងដែរ ដែលសាកត្រឹមតែ ១២នាទី ប៉ុណ្ណោះ គឺអាចបើកបរបានចម្ងាយខ្ទង់ ៤០១ គីឡូម៉ែត្រ៕