កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Qualcomm បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវបន្ទះឈីប Snapdragon 6 Gen 3 ថ្មី ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីសម្រាប់បំពាក់នៅលើស្មាតហ្វូនលំដាប់ថ្នាក់ថវិកាខ្ទង់ ៣០០ដុល្លារ។
បន្ទះឈីប Snapdragon 6 Gen 3 ថ្មីគឺជាការអាប់ដេតថ្មីដែលមាននៅលើបន្ទះឈីប Snapdragon 6 Gen 1 ដែលបានដាក់ឲដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០២២។ ដែលក្នុងនោះ បន្ទះឈីប Snapdragon 6 Gen 3 ថ្មី និងទទួលបានការកែលម្អសមត្ថភាពយ៉ាងសំខាន់ដើម្បីការដំណើរការ CPU កាន់តែប្រសើរឡើងជាងមុនពោលគឺចំនួន ១០ភាគរយ, GPU ចំនួន ៣០ភាគរយ និងការដំណើរការ AI ចំនួន ២០ភាគរយ។
គួរឲដឹងថា បន្ទះឈីប Snapdragon 6 Gen 3 ត្រូវបានផលិតឡើងនៅលើស្ថាបត្យកម្ម 4nm ជាមួយកំណែទម្រង់ octa-core ដែលមាន Core សរុបចំនួន៨ រួមមាន Core Cortex-A78 ចំនួន៤ និង Core Cortex-A55 ចំនួន៤ ជាមួយល្បឿនអតិបរមា 2.4GHz ។ លើសពីនេះទៅទៀត វាក៏ត្រូវបានភ្ជាប់មកជាមួយ Adreno 710 GPU, LPDDR5 RAM និង UFS 3.1 storage ផងដែរ ។
ចំពោះអង្គដំណើរការថ្មីរបស់បន្ទះឈីប Snapdragon 6 Gen 3 អាចគាំទ្រកាមេរ៉ាបានចំនួន៣គ្រាប់ ដែលមានទំហំ 16MP រហូតដល់ 200MP និងអាចថតវីដេអូបានរហូតដល់ 4K ក្នុងល្បឿន 30fps ដែលគាំទ្រដោយ Qualcomm Spectra ISP ។ ហើយវាក៏ត្រូវបានបំពាក់ដោយ Snapdragon X62 សម្រាប់ការតភ្ជាប់ប្រព័ន្ធដំណើរការ 5G, WiFi 6E និង Bluetooth 5.2 ជាដើម៕