កាលពីពេលថ្មីៗនេះ បើយោងតាមរបាយការណ៍ពី Hankyung ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ បានឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងត្រៀមខ្លួនក្នុងការចេញលក់ជាផ្លូវការនូវស្មាតហ្វូនស៊េរី Galaxy S25 របស់ខ្លួននៅក្នុងខែមករាឆ្នាំក្រោយ ដោយម៉ូដែលទាំងអស់រំពឹងថានឹងប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ទាំងស្រុង។
ក្នុងនោះពួកគេបានបង្ហាញថា Galaxy S25, Galaxy S25+, និង Galaxy S25 Ultra នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 សម្រាប់ប្រព័ន្ធដំណើរការ Galaxy ទូទាំងពិភពលោក ជំនួសឱ្យបន្ទះឈីប Exynos 2500 ដែល Samsung បានប្រើមុននេះសម្រាប់តំបន់មួយចំនួន។
គួរឲដឹងថា កាលពីពេលកន្លងទៅថ្មីៗនេះបន្តិច វានៅតែត្រូវបានគេជឿជាក់ថា ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់បន្ទះឈីប Exynos 2500 របស់ខ្លួនសម្រាប់ Galaxy S25 និង Galaxy S25+ នៅក្នុងតំបន់មួយចំនួន តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ បានបញ្ជាក់ថាពួគេបានផ្លាស់ប្តូរផែនការនេះ ដោយជ្រើសរើសយកបន្ទះ Snapdragon របស់ Qualcomm ជំនួសវិញ។
ពួកគេបាននិយាយសង្កត់ធ្ងន់ថា បន្ទះឈីប Snapdragon 8 Gen 4 នឹងផ្តល់ឱ្យមានភាពប្រសើរឡើងជាង ៣០ភាគរយ នៅក្នុងការដំណើរការ AI និង GPU ដែលស្របតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Samsung ដើម្បីប្រកួតប្រជែងជាមួយ iPhone 16 របស់ Apple ដែលសង្កត់ធ្ងន់លើសមត្ថភាព AI ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Samsung ក៏គ្រោងនឹងបង្កើនវត្តមានរបស់ខ្លួននៅក្នុងទីផ្សារ AI processor លំដាប់ខ្ពស់ ដែលបច្ចុប្បន្នគ្រប់គ្រងដោយ Apple តាមរយៈការផ្សព្វផ្សាយរបស់ Galaxy S25 ជាមួយនឹង AP របស់ Qualcomm ។
គួរបញ្ជាក់ផងថា ចំពោះការវិនិយោគហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ក្នុងការអភិវឌ្ឍន៍បន្ទះឈីបមានការកើនឡើងជាខ្លាំង ដោយការចំណាយលើបន្ទះឈីបស្មាតហ្វូនបានកើនឡើងពី ៥,៦៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដល់ ៨,៧៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣។ ដែលក្នុងនោះ ការចំណាយក្នុងការបង្កើតបន្ទះឈីបនៅក្នុងឆ្នាំ២០២៣ មានចំនួនស្មើនឹង ២០ភាគរយ នៃប្រាក់សរុបក្នុងការផលិតស្មាតហ្វូន៕