ក្រុមហ៊ុន Tesla បានប្រកាសនៅថ្ងៃច័ន្ទនេះថា ខ្លួនបានទិញភាគហ៊ុន bitcoin ចំនួន ១,៥ ពាន់លានដុល្លារ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកខាងលើបាននិយាយថា ខ្លួនបានទិញ bitcoin សម្រាប់ “ភាពបត់បែនបន្ថែមទៀតដើម្បីធ្វើពិពិធកម្ម និងពង្រីកប្រាក់ចំណេញរបស់ខ្លួនឲ្យបានច្រើនបំផុត”។
បន្ថែមពីលើការទិញនេះ ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងចាប់ផ្តើមទទួលយកការទូទាត់ជា bitcoin សម្រាប់ផលិតផលរបស់ខ្លួនផងដែរ។ ការធ្វើបែបនេះ នឹងធ្វើឲ្យ Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំដំបូងគេ ដែលទទួលយក bitcoin ជាការទូទាត់។
ការផ្លាស់ប្តូរនេះបានធ្វើឲ្យមានសំណួរភ្លាមៗជុំវិញអាកប្បកិរិយារបស់លោក Elon Musk នៅលើបណ្តាញសង្គម Twitter កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលលោកត្រូវបានគេសរសើរចំពោះការបង្កើនតម្លៃនៃរូបិយប័ណ្ឌឌីជីថល ដូចជា bitcoin និង dogecoin ដោយការបង្ហោះសារវិជ្ជមានអំពីពួកវា ដែលជំរុញឲ្យមនុស្សកាន់តែច្រើនទិញ។
គួរឲ្យដឹងថា តម្លៃ bitcoin បានកើនឡើងដល់កម្រិតខ្ពស់ថ្មី កាលពីថ្ងៃច័ន្ទបន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុន Tesla ដោយឈានដល់តម្លៃយ៉ាងហោចណាស់ ៤៣ ២០០ ដុល្លារ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ក៏បានកើនឡើងច្រើនជាង ២% ដែរ នៅក្នុង premarket trading៕