ក្រុមហ៊ុនចែកចាយប្រេងធំជាងគេរបស់វៀតណាម Petrolimex បាននិយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនកាលពីឆ្នាំមុន គឺមានចំនួន ៥៣,៦៩ លានដុល្លារ ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេល ៥ ឆ្នាំ។
ប្រាក់ចំណេញសម្រាប់ឆ្នាំ ២០១៩ មានចំនួន ២០៨ លានដុល្លារ ហើយក្រុមហ៊ុនដែលជាអ្នកចែកចាយប្រេងឥន្ធនៈមានស្ថានីយរាប់ពាន់កន្លែង នៅទូទាំងប្រទេសវៀតណាមនេះ បានសន្មតថា ការធ្លាក់ចុះ ៧៤ ភាគរយដោយសារតែការលក់ប្រេងឥន្ធនៈសម្រាប់យន្តហោះមិនបានច្រើន ព្រោះការហោះហើរអន្តរជាតិត្រូវបានផ្អាក ដោយសារតែជំងឺកូវីដ១៩ ស្ទើរតែសម្រាប់ឆ្នាំ ២០២០ ទាំងមូលទៅហើយ។
គួរឲ្យដឹងថា ប្រាក់ចំណូលសរុបរបស់ Petrolimex បានធ្លាក់ចុះ ៣៥ ភាគរយ ស្មើនឹង ៥,៣ ពាន់លានដុល្លារ ខណៈពេលដែលតម្រូវការថាមពលបានធ្លាក់ចុះកាលពីឆ្នាំមុន ដោយសាររោគរាតត្បាត នាំឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការប្រើប្រាស់ថាមពលសម្រាប់ការដឹកជញ្ជូន។
យ៉ាងណាក៏ដោយ ជាមួយនឹងចំណែកទីផ្សារជាង ៥០ ភាគរយ Petrolimex គឺជាក្រុមហ៊ុនលក់ប្រេងរាយធំជាងគេនៅប្រទេសវៀតណាម បន្ទាប់មកគឺក្រុមហ៊ុនប្រេង PV Oil ដែលមានចំណែកទីផ្សារប្រមាណ ២២ ភាគរយ៕