កាលពីថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ក្រុមហ៊ុន Kirin Holdings Co របស់ប្រទេសជប៉ុន បាននិយាយថា ខ្លួននឹងបញ្ចប់ភាពជាដៃគូស្រាបៀររបស់ខ្លួនជាមួយក្រុមហ៊ុន Myanma Economic Holdings Public Co ដែលជាអង្គភាពអាជីវកម្មដ៏សំខាន់របស់យោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារនៅក្នុងប្រទេស នាសប្តាហ៍នេះ។
ក្រុមហ៊ុន Kirin បាននិយាយថា ខ្លួន “មានការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះសកម្មភាពរបស់យោធាមីយ៉ាន់ម៉ា ដែល “ប្រឆាំងនឹងស្តង់ដារ និងគោលនយោបាយសិទ្ធិមនុស្សរបស់យើង”។
ក្រុមហ៊ុន Kirin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោងតាមកាលៈទេសៈបច្ចុប្បន្ន យើងគ្មានជម្រើសអ្វីក្រៅពីបញ្ចប់ភាពជាដៃគូរួមគ្នានាពេលបច្ចុប្បន្នរបស់យើង ជាមួយក្រុមហ៊ុន Myanma Economic Holdings Public Company Limited នោះទេ”។
ក្រុមហ៊ុនខាងលើបានបញ្ជាក់បន្ថែមទៀតថា “យើងនឹងចាត់វិធានការជាបញ្ហាបន្ទាន់ ដើម្បីដាក់ការបញ្ចប់នេះចូលជាធរមាន”។
គួររំលឹកឲ្យដឹងថា យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយ កាលពីថ្ងៃច័ន្ទកន្លងទៅ ដោយបានឃុំខ្លួនមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី។ Kirinបានវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៥ នៅពេលប្រទេសនេះឈានឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ៕