Apple បានវ៉ាដាច់ VinSmart ក្លាយជាយីហោស្មាតហ្វូនធំជាងគេទី ៤ ក្នុងប្រទេសវៀតណាម នៅត្រីមាសទី ៤ នៃឆ្នាំ ២០២០ ខណៈការលក់ iPhone 12 បានកើនឡើង។
ក្រុមហ៊ុនវិភាគទីផ្សារបច្ចេកវិទ្យាសិង្ហបុរី Canalys បាននិយាយថា ជាមួយនឹងចំណែកទីផ្សារ ១១ ភាគរយ Apple ឈរនៅពីក្រោយក្រុមហ៊ុន Vivo របស់ចិន (១៣ ភាគរយ) ដែលបានឡើង ២ លេខកាលពីត្រីមាសមុន។
Samsung របស់កូរ៉េខាងត្បូងឈរនៅលំដាប់កំពូល ជាមួយចំណែកទីផ្សារ ២៤ ភាគរយ តាមពីក្រោយដោយក្រុមហ៊ុនចិន Oppo (១៦ ភាគរយ) ប៉ុន្តែការលក់របស់ពួកគេបានធ្លាក់ចុះ ១៩ ភាគរយ និង ២៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ដោយឡែក ការលក់របស់ក្រុមហ៊ុន Apple បានកើនឡើងដល់ ១៩៧ ភាគរយ។ គួរឲ្យដឹងថា មនុស្សរាប់រយនាក់បានតម្រង់ជួរគ្នា នៅមុខហាង Apple ដើម្បីក្លាយជាម្ចាស់ iPhone 12 ដំបូងបង្អស់ កាលពីចុងឆ្នាំមុន។
យីហោស្មាតហ្វូនស្ទើរតែ ១០ កំពុងប្រជែងគ្នាឈរនៅលំដាប់លេខ ៣ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្នុងនោះរួមមានទាំង Apple, Xiaomi និង Vivo។ ទោះជាយ៉ាងណាក៏ដោយ គ្មានយីហោណាមួយអាចរក្សាតំណែងលេខ ៣ បានច្រើនជាង ៦ខែឡើយ។
យោងតាម We Are Social ភ្នាក់ងារទីផ្សារ និងផ្សព្វផ្សាយលើបណ្តាញសង្គម បាននិយាយថា ប្រជាជនប្រហែល ៧៥ លាននាក់ ឬជិត ៨០ ភាគរយនៃប្រជាជនទាំងអស់ក្នុងប្រទេសវៀតណាម សុទ្ធតែប្រើប្រាស់ស្មាតហ្វូន៕