[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តប្រភេទ MPV ៧កៅអី ថ្មី BYD Xia ជាមួយតម្លៃលក់ចាប់់ពី ៤២ ៣០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៤៥ ម.ម ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ជំនាន់ទី៥ ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងសរុបបានចន្លោះពី ២៥០សេះ ទៅ ៣៧៥សេះ និងអាចបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។
ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅមានភាពទាន់សម័យ ដែលមានបំពាក់ជាមួយប៉ាណាទំហំធំ បែបអំណាច អបដោយចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវដៃទ្វារប្រភេទ flush-door និងថាសកង់ស្ព័រជាដើម។
សម្រាប់នៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់ចំនួន៣ នៅលើតាប៊្លូរួមមានអេក្រង់កុងទ័រឌីជីថល អេក្រង់បញ្ជា touchsreen និងអេក្រង់កម្សាន្ត ដែលដំណើរការដោយប្រព័ន្ធ DiLink 150 Flyme Auto system រួមជាមួយប្រព័ន្ធសុវត្តិភាព DiPilot ADAS៕