កាលពីពេលថ្មីៗនេះ បើយោងតាមរបាយការណ៍ពីសំណាក់លោក Zhou Yibao ដែលជាអ្នកគ្រប់គ្រងផ្នែកលក់ទូរស័ព្ទដៃម៉ូឌែល Oppo Find N របស់ក្រុមហ៊ុន Oppo, លោកបានធ្វើការបង្ហោះរូបភាព render នៃស្មាតហ្វូន tri-fold របស់ក្រុមហ៊ុន Oppo នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo របស់ខ្លួន។ ការបង្ហោះនេះអាចជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រស្មាតហ្វូនបត់អេក្រង់របស់ក្រុមហ៊ុន Oppo ។
គំរូស្មាតហ្វូន tri-fold របស់ក្រុមហ៊ុន Oppo ត្រូវបានរចនាឡើងបែបស្ព័រដែលមានតួខ្លួនរាងស្លីម បំពាក់ដោយអេក្រង់ដែលគ្មានគែម និងមានកម្រាស់ស្តើង ហើយធន់ដែលធ្វើឲការបត់មានស្នាមឆ្កូតតិចតួចបំផុត ហើយផ្នែកកាមេរ៉ាខាងមុខមិនបំពាក់ជាមួយលេនទម្លុះអេក្រង់នោះទេ ប៉ុន្តែប្រើប្រាស់លេនចាប់សញ្ញាខាងក្រោមអេក្រង់វិញ ចំណែកផ្នែកខាងក្រោយត្រូវបានរចនាដោយស្បែកសប្បនិម្មិត។ លើសពីនេះទៅទៀត វានឹងត្រូវបានបំពាក់ជាមួយនឹង ColorOS ដែលផ្ដល់ជូននូវកម្រិតបង្ហាញ Resolution បានច្បាស់ល្អ ទោះជាយ៉ាងណាក៏ដោយ ចំពោះព័ត៌មានលម្អិតគឺមិនទាន់បង្ហាញនូវឡើយទេ។
គួឲដឹងថា ក្រុមហ៊ុន Oppo ជាក្រុមហ៊ុនទី៣ ដែលបានធ្វើការដាក់បង្ហាញចេញនូវគំរូស្មាតហ្វូន tri-fold របស់ខ្លួនពោលគឺមួយសប្តាហ៍បន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងនៃគំរូស្មាតហ្វូន tri-fold របស់ Tecno គឺ Phantom Ultimate 2 នៅក្នុងសន្និសីទ IFA នៅទីក្រុងប៊ែកឡាំងកាលពីថ្ងៃពុធកន្លងទៅ ខណៈកាលពីដើមឆ្នាំនេះ មានរបាយការណ៍មួយចំនួនបាននិយាយថា ក្រុមហ៊ុន Oppo នឹងមិនបន្តក្នុងការផលិតស្មាតហ្វូនដែលអាចបត់អេក្រង់បានទៀតនោះទេ ប៉ុន្តែក្រុមហ៊ុន Oppo បានចេញមុចបដិសេធការរាយការណ៍នេះ ហើយពួកគេបាននិយាយថា ក្រុមហ៊ុនគឺមានគម្រោងបន្តអភិវឌ្ឍស្មាតហ្វូនសេរ៊ីថ្មីដែលអាចបត់បានជាច្រើនទៀតដើម្បីបន្តប្រកួតប្រជែងក្នុងវិស័យនេះ។