អគារ Burj Binghatti Jacob & Co Residences ជាអគារមួយដ៏ប្រណិតដែលមានកម្ពស់សរុប ១០៥ ជាន់ ស្មើនឹង ៥៩៥ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧ ។ លើសពីនេះទៅទៀត នៅពេលអគារនេះសាងសង់រួចជាផ្លូវការ វានឹងទទួលបានឯតទគ្គកម្មពិភពលោកចំនួន២ ផងដែរ។
អគារនេះ មានទីតាំងស្ថិតនៅក្នុងតំបន់ Business Bay ទីក្រុងឌូបៃ ជិតនឹងអគារ Burj Khalifa ហើយវាត្រូវបានរំពឹងថានឹងក្លាយជាអគារទី២ ដែលមានកម្ពស់ខ្ពស់ជាងគេបន្ទាប់ពីអគារ Burj Khalifa ដែលមានកម្ពស់ ៨២៨ម៉ែត្រ និងក្លាយជាអគារដែលមានកម្ពស់ខ្ពស់បំផុតក្នុងនាមជាអគារលំនៅដ្ឋានពោលគឺវ៉ាដាច់អគារ Central Park Tower របស់សហរដ្ឋអាមេរិកដែលមានកម្ពស់ ៤៧២,៤ ម៉ែត្រ។ វាត្រូវបានបំផុតគំនិតរចនាឡើងដោយក្រុមហ៊ុន Jacob & Co ដែលក្រុមហ៊ុនផលិតនាឡិកានិងគ្រឿងអលង្ការដ៏ល្បីប្រចាំពិភពលោក រួមជាមួយក្រុមហ៊ុន Binghatti ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏សំខាន់មួយនៅឌូបៃ ដែលក្នុងនោះអគារនេះ ត្រូវបានវិនិយោគសាងសង់ឡើងនៅក្រោយការបោះទុនប្រមាណ ១ពាន់លានដុល្លារ។
អគារ Burj Binghatti Jacob & Co Residences ជាប្រភេទអគារដែលមានការប្រមូលផ្តុំទៅដោយលំនៅឋានជាច្រើនជម្រើសរួមមាន The Sapphire Suite Collection ដែលមានបន្ទប់គេងចំនួន២ និង The Emerald Suite Collection ដែលមានបន្ទប់គេងចំនួន៣ ជាពិសេស Penthouses ចំនួន៥ ដ៏ប្រណិតដែលបំផុតគំនិតរចនាឡើងដោយក្រុមហ៊ុន Jacob & Co ផ្ទាល់។
ចំពោះការរស់នៅក្នុងអគារនេះ អតិថិជននឹងទទួលបានបទពិសោធន៍ដ៏ពិសេសជាមួយសេវាកម្មនិងគ្រឿងបរិក្ខារដ៏ល្អបំផុតដែលរួមបញ្ជូលនូវអាងហែលទឹកផ្ទាល់ខ្លួន សេវាកម្មស្ប៉ា កន្លែងហាត់ប្រាណ និងក្លឹបសមាជិកឯកជនដែលផ្តល់ជូននូវសេវាកម្ម concierge ផ្ទាល់ខ្លួនរួមមានមេចុងភៅផ្ទាល់ខ្លួន អង្គរក្សផ្ទាល់ខ្លួន និងអ្នកបើកបរផ្ទាល់ខ្លួន៕