កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដា លោក Justin Trudeau បានប្រកាសថា ប្រទេសកាណាដានឹងយកពន្ធ ១០០ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន ក្នុងគោលបំណងដើម្បីការពារឧស្សាហកម្មរថយន្តក្នុងស្រុក។
ចំពោះការដាក់ពន្ធថ្មីនេះ ត្រូវបានមើលឃើញថា ជាផ្នែកមួយនៃការឆ្លើយតបបែបការពារឧស្សាហកម្មក្នុងស្រុកពីការបង្ហូរទុនចូលពីសំណាក់ក្រុមហ៊ុនបរទេស ជាពិសេសការនាំចូលរថយន្តអគ្គិសនីរបស់ប្រទេសចិន។ ទោះបីជាការដាក់ពន្ធថ្មីនេះ បានបង្ហាញពីបំណងល្អក្នុងការការពារការងារ និងផលិតផលក្នុងស្រុកក៏ដោយ ក៏មានការពិភាក្សាជាច្រើនបាននិយាយថា ការធ្វើបែបនេះ នឹងបង្កជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនទៅវិញទេ ដោយការដាក់ពន្ធនេះនឹងធ្វើឱ្យតម្លៃរថយន្តអគ្គិសនីដែលនាំចូលអាចនឹងកើនឡើងតម្លៃយ៉ាងខ្លាំង ដែលបណ្តាលឱ្យអ្នកប្រើប្រាស់ត្រូវបង់ប្រាក់បន្ថែមដើម្បីទិញរថយន្តទាំងនោះ។ គួរបញ្ជាក់ថា ការអនុវត្តពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ នេះសម្រាប់អនុវត្តចំពោះនាំចូលរថយន្តអគ្គិសនី និងរថយន្តផ្សេងទៀតពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ជាពិសេសក្រុមហ៊ុន BYD។
គួរឲដឹងថា BYD គឺជាក្រុមហ៊ុនផលិតរថយន្តរថយន្តអគ្គិសនីដ៏ឈានមុខគេ និងជាម៉ាកយីហោមួយដ៏ល្បីល្បាញក្នុងការផលិតរថយន្តអគ្គិសនី ហើយថ្មីៗនេះកំពុងទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេសម៉ិកស៊ិកូ និងមានបំណងប៉ុនប៉ងនាំយករថយន្តអគ្គិសនីរបស់ខ្លួនចូលទៅលក់នៅក្នុងទីផ្សារប្រទេសកាណាដា ទើបធ្វើឲនាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដា លោក Justin Trudeau សម្រេចអនុវត្តច្បាប់ថ្មីនេះដើម្បីការពារវិស័យឧស្សាហកម្មរថយន្តក្នុងស្រុក៕