[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng Motor បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Dongfeng Nammi Box ក្នុងទីផ្សារតំបន់អឺរ៉ុប ជាមួយតម្លៃលក់ចាប់ពី ២៥ ៥០០ដុល្លារ។
រថយន្តអគ្គិសនី Dongfeng Nammi Box ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Dongfeng S3 platform មានប្រវែងតួខ្លួនសរុប ៤ ០៣០ ម.ម ទទឹង ១ ៨១០ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៦០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៧០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៣១,៥ និង ៤២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៣១០ ដល់ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនដោយសាកត្រឹមតែ ៨នាទី អាចរត់បាន ២០០គីឡូម៉ែត្រ។
សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្តនេះ ភ្ជាប់មកជាមួយប៉ាណាបិតជិតជាស្តង់ដារ អបជាមួយចង្កៀងមុខ LED និងអំពូល DRLs អូសកាត់ពីម្ខាងទៅម្ខាង និងចង្កៀងក្រោយ LED រួមជាមួយការប្រើប្រាស់នូវថាសកង់ទំហំមធ្យម និងដៃទ្វារប្រភេទអគ្គិសនីជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កុងទ័រព៌ត័មានឌីជីថលទំហំតូច និងអេក្រង់កម្សាន្ត touchscreen ទំហំធំល្មម ក៏ដូចជាឧបករណ៍បំពងសម្លេង កន្លែងសាកថ្មឥតខ្សែ ដំបូលកញ្ចក់ អំពូលបំភ្លឺ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរមួយចំនួន៕