កាលពីពេលថ្មីៗ រថយន្ត GAC GS3 Emzoom សេរ៊ីឆ្នាំ២០២៤ របស់ក្រុមហ៊ុនផលិតរថយន្ត GAC បានទទួលនូវលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអាស៊ាន ASEAN NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត GAC GS3 Emzoom បានទទួលការធ្វើតេស្ត និងពិន្ទុដូចជា៖
- ទទួលបាន ២៨,២៩/៣២ ពិន្ទុ សម្រាប់ការការពារអ្នកដំណើរពេញវ័យចំនួន
- ទទួលបាន ៤១,៩១/៥១ ពិន្ទុ សម្រាប់ការការពារអ្នកដំណើរវ័យក្មេង
- ទទួលបាន ១៨,៧៥/២១ ពិន្ទុ សម្រាប់មុខងារជំនួយការបើកបរ និងសុវត្ថិភាព
- ទទួលបាន ១៤/១៦ ពិន្ទុ សម្រាប់ការការពារអ្នកធ្វើដំណើរនៅតាមដងផ្លូវ
ខណៈពិន្ទុសរុបទទួលបាន ៨៨,៣៨ / ១០០ ពិន្ទុទម្ងន់ និងចំណាត់ថ្នាក់ផ្កាយ ៥ ។
គួរឲដឹងថា រថយន្ត GAC GS3 Emzoom ត្រូវបានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពជាស្តង់ដារមួយចំនួនរួមមានពោងសុវត្ថិភាពចំនួន ៦ ចំនុច, ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធការរំលឹកខ្សែក្រវ៉ាត់សុវត្ថិភាព, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់ការពារអ្នកថ្មើរជើង, ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់, ប្រព័ន្ធគ្រប់គ្រងល្បឿន និងប្រព័ន្ធហ្រ្វាំងសង្គ្រោះបន្ទាន់ជាដើម ។
ចំពោះផ្នែកម៉ាសុីន រថយន្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន ១,៥ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ និងប្រភេទបើកបរប៉ុង១ FWD ជាស្តង់ដារ ចំណែកតម្លៃខ្ទង់ ២មុឺនដុល្លារនៅក្នុងទីផ្សារប្រទេសចិន៕