ក្រុមហ៊ុន Alibaba Group Holding បានរាយការណ៍អំពីការកើនឡើងនៃប្រាក់ចំណូល ចំនួន ៣៧ ភាគរយសម្រាប់ត្រីមាសចុងក្រោយ ដែលការកើនឡើងនេះត្រូវបានជំរុញដោយយុទ្ធនាការ Singles’ Day។
លោក Daniel Zhang Yong នាយកប្រតិបត្តិក្រុមហ៊ុន Alibaba បាននិយាយនៅក្នុងសន្និសីទជាមួយអ្នកវិភាគ កាលពីថ្ងៃអង្គារកន្លងទៅនេះ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួន ថា “ក្នុងនាមជាទីផ្សារលក់រាយរបស់ប្រទេសចិន ដែលតភ្ជាប់អតិថិជន និងពាណិជ្ជកររាប់លាននាក់ ក្នុងប្រតិបត្តិការដែលមានតម្លៃរាប់ពាន់លានដុល្លារ យើងមានការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការទទួលខុសត្រូវសង្គម និងសាធារណៈដ៏សំខាន់នៃប្រតិបត្តិការវេទិការបស់យើង”។
គួរឲ្យដឹងថា ក្រុមហ៊ុន Alibaba បានប្រកាសពីប្រាក់ចំណូលល្អប្រសើរជាងការរំពឹងទុក ចំនួន ២២១,១ ពាន់លានយ័ន (៣៣,៩ ពាន់លានដុល្លារ) ពោលគឺកើនឡើងពី ១៦១,៥ ពាន់លានយ័នកាលពីឆ្នាំមុន ដែលលើសពីការព្យាករណ៍ ២១៥ ពាន់លានយ័ន របស់អ្នកវិភាគ។
ការកើនឡើងនេះបានមកពីផ្នែកមួយនៃការផ្សព្វផ្សាយការទិញទំនិញ Singles’ Day របស់ក្រុមហ៊ុន ដែលបានបង្កើតការលក់ខ្ពស់បំផុតចំនួន ៧៤,១ ពាន់លានដុល្លារ កាលពីខែវិច្ឆិកា ដោយសារការស្ទុះងើបឡើងវិញនៃការទិញទំនិញក្នុងស្រុក។ ប្រាក់ចំណូលសុទ្ធបានកើនឡើង ៥២ ភាគរយ ដល់ ៧៩,៤ ពាន់លានយ័ន (១២,៣ ពាន់លានដុល្លារ) ក្នុងត្រីមាសដូចគ្នានេះ លើសការប៉ាន់ស្មានដែលមានត្រឹមចំនួន ៤៥,៧ ពាន់លានយ័ន៕