បើយោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តកូរ៉េ Kia បានឈានដល់ចំណុចកំពូលបំផុតមួយ បើគិតចាប់តាំងពីឆ្នាំ ១៩៩៨ មក កាលពីថ្ងៃពុធ ដោយឈានដល់ ៩៧ ៧០០ វ៉ុន (៨៧,៧០ ដុល្លារ) ក្នុងមួយហ៊ុន បន្ទាប់ពីមានរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន Apple កំពុងតែឈានដល់កិច្ចព្រមព្រៀងដ៏ធំមួយជាមួយក្រុមហ៊ុនរថយន្តខាងលើ ដើម្បីផលិតរថយន្តអគ្គិសនី។
ការវិនិយោគដែលត្រូវបានគេរំពឹងថានឹងមានទំហំទឹកប្រាក់ចំនួន ៣,៦ ពាន់លានដុល្លារអាមេរិកនោះ នឹងឃើញក្រុមហ៊ុន Kia ផលិតរថយន្តម៉ាក Apple នៅរោងចក្ររបស់ខ្លួន ដែលស្ថិតក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។
ប្រភពខាងលើដដែលបានឲ្យដឹងទៀតថា កាលបរិច្ឆេទនៃថ្ងៃទី ១៧ ខែកុម្ភៈ ត្រូវបានគ្រោងទុកសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រុមហ៊ុន Kia និង Apple ដោយរថយន្តអគ្គិសនីដំបូងបង្អស់របស់ Apple នឹងចាប់ផ្តើមផលិតនៅឆ្នាំ ២០២៤។
ទោះជាយ៉ាងណាក៏ដោយ ទាំងក្រុមហ៊ុន Kia និង Apple សុទ្ធតែបានបដិសេធ មិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងខាងលើនេះឡើយ៕