ក្រុមហ៊ុនផលិត ផលិតផលជីវសាស្រ្តចិន BioKangtai បាននិយាយកាលពីថ្ងៃអង្គារ ទី២ ខែកុម្ភៈ ថាខ្លួនបានបញ្ចប់នូវទីតាំងដែលបានរៀបចំឡើង ដើម្បីអាចផលិតវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន ៤០០ លានដូសក្នុងមួយឆ្នាំ ដែលកើនឡើងទ្វេដងនៃគោលដៅដែលបានសន្យា កាលឆ្នាំ ២០២០។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen នេះ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “Kangtai កំពុងជំរុញនីតិវិធីយ៉ាងសកម្មសម្រាប់ការសាកល្បង និងចុះបញ្ជីគ្លីនិកវ៉ាក់សាំងនៅក្នុងប្រទេសចិន ហើយបានរៀបចំរួចរាល់នូវរោងចក្រផលិត និងចាប់ផ្តើមផលិតសាកល្បងផងដែរ”។
គួរឲ្យដឹងថា ក្រុមហ៊ុននេះទទួលបានសិទ្ធិក្នុងការផ្គត់ផ្គង់វ៉ាក់សាំង AZD1222 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតឱសថស៊ុយអ៊ែត Anglo-Swedish និងសាកលវិទ្យាល័យ Oxford University។
លោក Leon Wang ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន AstraZeneca នៅប្រទេសចិន បាននិយាយកាលពីខែវិច្ឆិកាថា វ៉ាក់សាំងនេះអាចត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ក្នុងប្រទេសចិន នៅពាក់កណ្តាលឆ្នាំ ២០២១ បន្ទាប់ពីប្រមូលទិន្នន័យសុវត្ថិភាពពីការសាកល្បង ដំណាក់កាលទី ១ និង ទី ២ នៅក្នុងប្រទេសចិន និងទិន្នន័យប្រសិទ្ធភាពពីការសាកល្បងដំណាក់កាលចុងក្រោយនៅឯបរទេស៕