កម្មវិធីផ្ញើសារប្រភេទ Offline ដែលមិនចាំបាច់ត្រូវការប្រើអ៊ីនធឺណិតមួយ មានឈ្មោះថា Bridgefy ត្រូវបានគេដោនឡូតជាង ៦០០ ០០០ដង ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារយោធានៅទីនោះ កាលពីថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាលឲ្យបណ្តាញអ៊ីនធឺណិតមានការរអាក់រអួល។
ក្រុមហ៊ុនប្រភេទ Startup ដែលមានមូលដ្ឋាននៅប្រទេសមិចស៊ីកូ ដែលទទួលបានប្រជាប្រិយភាពក្នុងអំឡុងពេលបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុង នៅឆ្នាំ ២០២០ ខាងលើ បានសរសេរថា ពួកគេសង្ឃឹមថាប្រជាជននៅមីយ៉ាន់ម៉ានឹងឃើញថាកម្មវិធីរបស់ខ្លួនមានប្រយោជន៍ក្នុងពេលមានបញ្ហា។
គួរឲ្យដឹងថា បន្ទាប់ពីមេដឹកនាំដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានចាប់ខ្លួន បណ្តាញទូរសព្ទ និងអ៊ិនធឺរណែត ត្រូវបានរំខាននៅក្នុងទីក្រុង Yangon និងរដ្ឋធានី Naypyitaw ព្រមទាំងផ្នែកផ្សេងទៀតនៃប្រទេស។
ទោះជាយ៉ាងណាក៏ដោយ បណ្តាញទាំងនោះត្រូវបានធ្វើឲ្យប្រសើរឡើងវិញនៅល្ងាចថ្ងៃច័ន្ទ ប៉ុន្តែនៅក្នុងសារមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រុមសកម្មជននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានលើកទឹកចិត្ឲ្យទាញយកកម្មវិធី Bridgefy ដើម្បីជាដំណោះស្រាយមួយក្នុងករណីគេកាត់ផ្តាច់អ៊ីនធឺណិត៕