រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោងនឹងបង្កើតរូបិយប័ណ្ណឌីជីថលដោយខ្លួនឯង ដើម្បីគាំទ្រការទូទាត់ក្នុងស្រុក និងជំរុញសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ នេះ ហើយកំពុងវាយតម្លៃពីរបៀបឆ្ពោះទៅមុខផងដែរ។ នេះបើយោងតាមអ្នកនាំពាក្យកំពូលនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។
លោក Maj Gen Zaw Min Tun ដែលជាអនុរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងរបបយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលកាលពីមួយឆ្នាំមុន បាននិយាយថា “យើងមិនទាន់សម្រេចចិត្តថា តើយើងគួរតែធ្វើវាក្នុងនាមជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ឬដោយរដ្ឋាភិបាលតែម្នាក់ឯងនោះទេ។ រូបិយប័ណ្ណឌីជីថល នឹងជួយកែលម្អសកម្មភាពហិរញ្ញវត្ថុនៅក្នុងប្រទេសមីយ៉ាន់ម៉ា”។
គួរឲ្យដឹងថា ធនាគារពិភពលោកប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះ ១៨% ក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ ២០២១ ហើយការព្យាករណ៍កំណើនត្រឹមតែ ១% ប៉ុណ្ណោះ រហូតដល់ខែកញ្ញាឆ្នាំនេះ។
យ៉ាងណាមិញ អ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីសប្តាហ៍មុនថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា អាចមានទំហំធំជាង ៣០% បើគ្មានការវាយលុក ២ដងនៃជំងឺរាតត្បាតកូវីដ១៩ និងរដ្ឋប្រហារនោះទេ៕