ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះ ២៦,៤ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ (ទី៣ កុម្ភៈ) ដោយបានខាតបង់ច្រើនជាង ២០០ ពាន់លានដុល្លារពីតម្លៃទីផ្សាររបស់ខ្លួន ក្នុងរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ។
ការធ្លាក់ចុះភាគហ៊ុនរបស់ Meta បានធ្វើឲ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាយកប្រតិបត្តិក្រុមហ៊ុន លោក Mark Zuckerberg ធ្លាក់ចុះចំនួន ២៩,៨ ពាន់លានដុល្លារ ដែលជាការខាតបង់ដ៏ធំបំផុតទី២ មិនធ្លាប់មាន បន្ទាប់ពីការខាតបង់របស់នាយកប្រតិបត្តិ Tesla លោក Elon Musk ចំនួន ៣៥ ពាន់លានដុល្លារ កាលពីខែវិច្ឆិកាឆ្នាំមុន។
តើវាកើតឡើងដោយរបៀបណា? តើអ្វីជាមូលហេតុនៅពីក្រោយរឿងរ៉ាវនេះ?
Meta បានមើលឃើញអ្នកវិនិយោគរត់ភៀសខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានចេញការព្យាករណ៍មួយ ដោយបន្ទោសការផ្លាស់ប្តូរឯកជនភាពរបស់ Apple និងការប្រកួតប្រជែងកើនឡើង។
នៅក្នុងការរាយការណ៍ពីលទ្ធផលត្រីមាសទី ៤ កាលពីល្ងាចថ្ងៃពុធ ក្រុមហ៊ុន Meta បានព្យាករណ៍ពីកំណើនខ្សោយសម្រាប់ត្រីមាសខែមីនា ដោយនិយាយថា វារំពឹងថាប្រាក់ចំណូលត្រីមាសទី ១ មានចន្លោះពី ២៧ ពាន់លានដុល្លារ ទៅ ២៩ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
នៅក្នុងការតេ earnings call របស់ក្រុមហ៊ុន Meta លោក Zuckerberg បាននិយាយថា ការប្រកួតប្រជែងសម្រាប់អ្នកប្រើប្រាស់ គឺជាកត្តាមួយដែលប៉ះពាល់ដល់អាជីវកម្ម ហើយក៏បានលើកឡើងពីកម្មវិធីវីដេអូខ្លី TikTok ផងដែរ។
Facebook ក៏បានមើលឃើញចំនួនអ្នកប្រើប្រាស់របស់ខ្លួនធ្លាក់ចុះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រយៈពេល ១៨ ឆ្នាំរបស់ខ្លួន ដោយបានធ្លាក់ចុះប្រហែលកន្លះលាននាក់ ទៅ ១,៩២៩ ពាន់លាននាក់ សម្រាប់អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ៕