ក្រសួងព័ត៌មាន និងវិនិយោគមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសមីយ៉ាន់ម៉ានឹងចាប់ផ្តើមទទួលយកប្រាក់បាត សម្រាប់ការទូទាត់ប្រតិបត្តិការពាណិជ្ជកម្មតាមព្រំដែន ហើយក៏កំពុងសម្លឹងមើលផែនការស្រដៀងគ្នាផងដែរ ក្នុងការប្រើប្រាស់ប្រាក់រូពីឥណ្ឌាសម្រាប់ពាណិជ្ជកម្មបែបនេះ។
រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ា បាននិយាយរួចហើយថា ខ្លួនក៏នឹងទទួលយកប្រាក់យ័នរបស់ចិនជារូបិយប័ណ្ណទូទាត់ផ្លូវការផងដែរ។
ក្រសួងខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក យើងនឹងកាត់បន្ថយហានិភ័យនៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់ភ្លាមៗ ដោយសារតែកត្តាភូមិសាស្ត្រនយោបាយខាងក្រៅ” ដោយបន្ថែមថា “ការផ្លាស់ប្តូរនេះនឹងជួយកាត់បន្ថយអតិផរណា ដែលបណ្តាលមកពីការឡើងថ្លៃនៃប្រាក់ដុល្លារ”។
គួរឲ្យដឹងថា ការរៀបចំនេះក៏នឹងជួយគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចមីយ៉ាន់ម៉ាផងដែរ ដោយបន្ថែមថា ទោះបីជាតម្លៃថាមពលកើនឡើងក៏ដោយ ប្រទេសមីយ៉ាន់ម៉ាគួរតែកត់ត្រាកំណើនផលិតផលក្នុងស្រុកសរុប “តិចតួច” នៅក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែតុលា ឆ្នាំ ២០២២។
គួររំលឹកឲ្យដឹងដែរថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះចាប់តាំងពីកងទ័ពបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត កាលពីមួយឆ្នាំមុន៕