[ទីផ្សារបរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Kia K8 សេរ៊ីឆ្នាំ២០២៥ ក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ២៨ ៥០០ ដុល្លារ ដល់ ៣៧ ៨០០ ដុល្លារ។
រថយន្តនេះ ទទួលបានការរចនាផ្នែកខាងក្រៅថ្មីបែបស្ព័រ ដោយមានបំពាក់ដោយប៉ាណាមុខរចនាថ្មី ចង្កៀងមុខដ៏ស្លីមរចនាថ្មីបែបបញ្ឈរប្រភេទ LED កាងរចនាថ្មី ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ១៩ អ៊ីញ និងចង្កៀងក្រោយ ប្រភេទ LED រចនាជាបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ៖
- ម៉ាស៊ីនសុាំង ២,៥ លីត្រ ទំហំ ៤ សុីឡាំង ប៉ុង ១ FWD ផលិតកម្លាំងបាន ១៩៥ សេះ និងកម្លាំងរមួល ២៤៨ ញ៉ូតុនម៉ែត្រ។
- ម៉ាស៊ីនសុាំង ៣,៥ លីត្រ V6 ប៉ុង ១ FWD ផលិតកម្លាំងបាន ២៩៦ សេះ និងកម្លាំងរមួល ៣៥៩ ញ៉ូតុនម៉ែត្រ។
- ម៉ាសុីនកូនកាត់ធ្វើការរួមគ្នារវាងម៉ាស៊ីនសុាំង ១,៦ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២២៧ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រភេទបើកបរប៉ុង ២ AWD ។
សម្រាប់ផ្នែកខាងក្នុង មានបំពាក់អេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ ក៏ដូចជា ពោងសុវត្ថិភាពចំនួន ១០ ចំនុច និងអំពូលបំភ្លឺ LED ambient light ជាដើម៕