យោងតាមរបៀបវារៈនីតិប្បញ្ញត្តិដែលបានចុះបញ្ជីដោយរដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ប្រទេសឥណ្ឌាគ្រោងនឹងដាក់ចេញនូវច្បាប់មួយដើម្បីហាមឃាត់រូបិយប័ណ្ណឌីជីថលឯកជន ដូចជា Bitcoin និងដាក់ចេញនូវក្របខ័ណ្ឌសម្រាប់រូបិយប័ណ្ណឌីជីថលផ្លូវការ ដែលចេញដោយធនាគារកណ្តាលឥណ្ឌា។
របៀបវារៈដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់សភាជាន់ទាបឥណ្ឌា នៅថ្ងៃសុក្រ ទី២៩ ខែមករា កន្លងទៅនេះ បាននិយាយថា ច្បាប់នឹងបង្កើតក្របខ័ណ្ឌសម្របសម្រួលមួយសម្រាប់ការបង្កើតរូបិយប័ណ្ណឌីជីថលផ្លូវការ ដែលត្រូវចេញដោយធនាគារបម្រុងនៃប្រទេសឥណ្ឌា (Reserve Bank of India ឬ RBI)។
គួររំលឹកឲ្យដឹងថា កាលពីពាក់កណ្តាលឆ្នាំ ២០១៩ ក្រុមប្រឹក្សារដ្ឋឥណ្ឌា បានផ្តល់អនុសាសន៍ហាមឃាត់រាល់រូបិយប័ណ្ណឌីជីថលឯកជន ដោយអាចត្រូវជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់ច្រើន សម្រាប់អ្នកទាក់ទងនឹងរូបិយប័ណ្ណឌីជីថល។
ទោះយ៉ាងណា គេបានស្នើសុំឲ្យរដ្ឋាភិបាលពិចារណាលើការចេញរូបិយប័ណ្ណឌីជីថល ដែលគាំទ្រដោយរដ្ឋាភិបាលក្នុងប្រទេសឥណ្ឌា ដើម្បីដំណើរការដូចកំណត់ត្រាធនាគារ តាមរយៈធនាគារបម្រុងនៃប្រទេសឥណ្ឌា (Reserve Bank of India)៕