ក្រុមហ៊ុន Microsoft បានប្រាប់ឲ្យដឹងថា ប្រាក់ចំណេញរបស់ខ្លួនបានកើនឡើងយ៉ាងខ្លាំង នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២០ ខណៈពេលដែលជំងឺរាតត្បាតកូវីដ១៩ បានពង្រឹងការផ្លាស់ប្តូរទៅពឹងផ្អែកលើសេវាកម្មដែលមាននៅក្នុង Cloud សម្រាប់ការងារ, ការកម្សាន្ត និង ទំនាក់ទំនងសង្គម។
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកខាងលើ បានរាយការណ៍ថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនមានចំនួន ១៥,៥ ពាន់លានដុល្លារក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ២០២០ ដែលជាការកើនឡើង ៣៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅមុនពេលមានជំងឺរាតត្បាត ឆ្នាំ ២០១៩។ មិនតែប៉ុណ្ណោះ ប្រាក់ចំណូលសរុបបានកើនឡើង ១៧ ភាគរយ ដល់ ៤៣,១ ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំចាស់។
នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បាននិយាយថា “អ្វីដែលយើងបានមើលឃើញក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គឺជាការចាប់ផ្តើមរលកទី ២ ថ្មីនៃការផ្លាស់ប្តូរឌីជីថល ទៅលើគ្រប់ក្រុមហ៊ុន និងឧស្សាហកម្មទាំងអស់” ។
គួរឲ្យដឹងថា សេវាកម្ម Commercial Cloud របស់ក្រុមហ៊ុន Microsoft ទទួលបានប្រាក់ចំណូលចំនួន ១៦,៧ ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុន ដែលកើនឡើង ៣៤ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំចាស់៕