យោងតាមសារព័ត៌មាន CNBC បានឲ្យដឹងថា ប្រទេសវៀតណាមធ្វើបានប្រសើរជាងដៃគូក្នុងតំបន់របស់ខ្លួន រួមទាំងប្រទេសចិនផងដែរ និងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ នៅអាស៊ីក្នុងឆ្នាំ ២០២០។
ទោះបីជាសេដ្ឋកិច្ចខ្លះមិនទាន់បានរាយការណ៍ពីតួលេខនៅត្រីមាសទី ៤ ក៏ដោយ ក៏ការប៉ាន់ស្មានដែលត្រូវបានធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ពីប្រភពផ្លូវការ និងស្ថាប័នពហុភាគី ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ បានរកឃើញថា វៀតណាម គឺជាប្រទេសមួយក្នុងចំណោមខ្លាសេដ្ឋកិច្ច ៣ នៅអាស៊ី ដែលទទួលបានកំណើនកាលពីឆ្នាំមុន រួមជាមួយកោះតៃវ៉ាន់ និងចិនដីគោក។
រដ្ឋាភិបាលវៀតណាមបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចបានកើនឡើង ២,៩ ភាគរយកាលពីឆ្នាំមុន ធៀបនឹងកំណើន ២,៣ ភាគរយរបស់ប្រទេសចិន។ ប្រទេសដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀត ដូចជា កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ហុងកុង និងឥណ្ឌា សុទ្ធតែបានធ្លាក់ចុះ។
ស្ថានីយទូរទស្សន៍ CNBC បាននិយាយថា កំណើនសេដ្ឋកិច្ចដ៏គួរឲ្យចាប់អារម្មណ៍របស់ប្រទេសវៀតណាម គឺដោយសារការចាត់វិធានការប្រកបដោយសមត្ថភាពរបស់ខ្លួន ក្នុងការការពារជំងឺរាតត្បាតកូវីដ១៩៕