ថ្មីៗនេះ ក្រុមហ៊ុន Bottega Veneta Japan ទើបតែបានប្រកាសចេញលក់ខ្សែ.ក ដែលមានម៉ូដប្លែក បើយើងក្រឡេកមើលតែមួយភ្លេច គឺស្រដៀងទៅនឹងខ្សែទូរសព្ទលើតុអីចឹង។
ថ្វីបើមានការឌីហ្សាញស្រដៀងខ្សែទូរសព្ទលើតុក៏ពិតមែន ប៉ុន្តែខ្សែ.កនេះត្រូវបានដាក់លក់ក្នុងតម្លៃ ២៤៧ ៥០០យ៉េន ឬប្រហែល ២ ៣៦៥ដុល្លារឯណោះ។ ក្នុងនោះវាចែកចេញជា ២ ពណ៌ គឺ ពណ៌ស និង ពណ៌ស្វាយ។
ក្រៅពីខ្សែ.កខាងលើ Bottega Veneta Japan ក៏មានលក់ក្រវិលដែលមានម៉ូដដូចគ្នានេះដែរ ក្នុងតម្លៃ ៩៣ ៥០០យ៉េន ឬប្រហែល ៩០០ដុល្លារ។ បន្ថែមពីនេះទៅទៀត ពួកគេក៏មិនភ្លេចចិញ្ចៀនដែរ ដោយវាត្រូវបានដាក់លក់ក្នុងតម្លៃដល់ ៥៨ ៣០០យ៉េន ឬប្រហែល ៥៥៥ដុល្លារ។
គួរឲ្យដឹងថា អ្នកអាចបញ្ជាទិញបានទាំងខ្សែ.ក ក្រវិល និងចិញ្ចៀន លើគេហទំព័រផ្លូវការរបស់ ក្រុមហ៊ុន Bottega Veneta Japan៕