ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple របស់សហរដ្ឋអាមេរិក កំពុងបង្កើនការផលិតឧបករណ៍វៃឆ្លាតនៅក្នុងប្រទេសវៀតណាមខណៈដែលខ្លួនធ្វើកំពុងងាកចេញពីប្រទេសចិន។
យោងតាមប្រភពព័ត៌មានបាននិយាយថា Apple នឹងចាប់ផ្តើមផលិត iPad នៅក្នុងប្រទេសវៀតណាម នៅពាក់កណ្តាលឆ្នាំនេះ។ ក្រុមហ៊ុនខាងលើក៏កំពុងកៀងគរអ្នកផ្គត់ផ្គង់ដើម្បីពង្រីកសមត្ថភាពផលិតកម្ម សម្រាប់ឧបករណ៍បំពងសំឡេងស៊េរីចុងក្រោយបង្អស់ គឺ HomePod mini ដែលត្រូវបានផលិតនៅប្រទេសវៀតណាម ចាប់តាំងពីវាត្រូវបានបង្ហាញខ្លួនកាលពីឆ្នាំមុន។
ប្រភពព័ត៌មានក៏បានបន្ថែមឲ្យដឹងទៀតថា ក្រុមហ៊ុន Apple ក៏នឹងផ្លាស់ប្តូរផ្នែកមួយនៃការផលិត Macbook របស់ខ្លួនពីប្រទេសចិន ទៅប្រទេសវៀតណាមនៅឆ្នាំនេះផងដែរ។
មិនតែប៉ុណ្ណោះ អ្នកផ្គត់ផ្គង់របស់ Apple ក៏កំពុងពង្រីកប្រតិបត្តិការនៅវៀតណាមផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សតៃវ៉ាន់ Foxconn ក្នុងខែនេះ បានទទួលអាជ្ញាប័ណ្ណរបស់ខ្លួនដើម្បីបង្កើតរោងចក្រតម្លៃ ២៧០ លានដុល្លារ នៅភាគខាងជើងប្រទេសវៀតណាម។ ក្រុមហ៊ុន Luxshare Precision Industryក៏កំពុងបង្កើនសមត្ថភាពរបស់ខ្លួននៅភាគខាងជើងនៃប្រទេសវៀតណាម ដើម្បីផលិត HomePod mini ដែរ៕