Samsung Electronics ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោក បានរាយការណ៍ថា ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៤ នៃឆ្នាំ២០២០ កើនឡើងជាង ១ភាគ៤ បើប្រៀបធៀបនឹងឆ្នាំមុន ដោយសារតែការធ្វើការពីផ្ទះ ជំរុញតម្រូវការសម្រាប់ឧបករណ៍ដែលបំពាក់ដោយបន្ទះឈីបរបស់ Samsung។
ទោះជាយ៉ាងណាក៏ដោយ តួលេខនេះគឺស្ថិតនៅក្រោមការរំពឹងទុករបស់ទីផ្សារ។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអេឡិចត្រូនិចខាងលើបានព្រមានពីភាពមិនប្រាកដប្រជា ដែលនៅតែបន្តកើតមានចំពោះជំងឺរាតត្បាតកូវីដ១៩ ហើយនិងប្រាក់ចំណេញទាប នៅត្រីមាសទី១ ឆ្នាំ២០២១ ដោយសារតែតម្លៃធ្លាក់ចុះ។
គួរឲ្យដឹងថា Samsung Electronics គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានគេស្គាល់ថាជាក្រុមអាជីវកម្មធំបំផុតនៅប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី១២ នៅលើពិភពលោក។
ក្រុមហ៊ុននេះមានសារសំខាន់ណាស់ចំពោះសុខភាពសេដ្ឋកិច្ចនៅភាគខាងត្បូង ដោយចំណូលសរុបរបស់វា ស្មើនឹង ១ភាគ៥ នៃផលិតផលក្នុងស្រុកសរុបរបស់ជាតិ។
ក្រុមហ៊ុន Samsung Electronics បាននិយាយថា ប្រាក់ចំណេញបានកើនឡើង ២៦,៤ ភាគរយ នៅក្នុងខែតុលា ដល់ខែធ្នូ ស្មើនឹង ៦,៦១ ពាន់ពាន់លានវ៉ុន (៥,៩៧ ពាន់លានដុល្លារ) អរគុណដល់អាជីវកម្មបន្ទះអេក្រង់ និងបន្ទះឈីប៕