ក្រុមហ៊ុន Toyota Motor Thailand រំពឹងថា “អនាគតភ្លឺស្វាង” សម្រាប់ឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសថៃ អាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ទោះបីជាឆ្នាំនេះ ចាប់ផ្តើមឡើងជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថ្មី ខណៈដែលក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានកំណត់គោលដៅប្រកបដោយមហិច្ឆតាកំណើន ពី ១៥ ទៅ ២៣ ភាគរយក្នុងការលក់ជាមួយយុទ្ធនាការ “environmentally-friendly” ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការទិញថ្មី។
ក្នុងចំណោមផែនការទីផ្សាររបស់ Toyota គឺការផ្លាស់ប្តូរដើម្បីដាស់អ្នកទិញយានជំនិះអគ្គិសនីគ្រប់ប្រភេទ ដូចជា រថយន្តអគ្គិសនីសុទ្ធ, រថយន្តអគ្គិសនីកូនកាត់ Hybrid និង Plug-in Hybrid ដែលទាំងអស់នេះ គឺដើម្បីរួមគ្នាកាត់បន្ថយការបំពុលបរិស្ថាន នឹងជួយឲ្យក្រុមហ៊ុន Toyota បំពេញគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ៩០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១០។
គួរឲ្យដឹងថា មិនខុសពីក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀតនោះទេ Toyota បានមើលឃើញការលក់រថយន្តក្នុងឆ្នាំ ២០២០ របស់ខ្លួន ធ្លាក់ចុះ ២៦,៥ ភាគរយ ស្មើនឹង ២៤៤ ៣១៦ គ្រឿង ពីឆ្នាំ ២០១៩។
ការនាំចេញកាលពីឆ្នាំមុនក៏បានធ្លាក់ចុះ ១៨,៧% មកនៅត្រឹម ២១៥ ២៧៧ គ្រឿង បើប្រៀបធៀបនឹងឆ្នាំចាស់។ ទោះជាយ៉ាងណា វាអាចគ្រប់គ្រងចំណែកទីផ្សារ ៣០,៨ ភាគរយ ដែលជាចំនួនខ្ពស់បំផុតនៃការលក់រថយន្តសរុប ដោយសារតែការចេញម៉ូដែលថ្មី៕