បន្ទាប់ពីទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោក លោក Elon Musk កំពុងមានពេលវេលារីករាយជាមួយការរកស៊ីរបស់លោក។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះអាចគ្រប់គ្រងឧស្សាហកម្មធំៗពីរ គឺ យានយន្តនិងអវកាស ហើយឥឡូវលោកកំពុងសម្លឹងមើលឧស្សាហកម្មទី៣ គឺ ទូរគមនាគមន៍។
ការខិតខំប្រឹងប្រែងរបស់លោក Elon Musk ឆ្ពោះទៅរកក្រុមហ៊ុនទូរគមនាគមន៍ គឺជាផ្នែកមួយនៃគម្រោងមានឈ្មោះថា Starlink ដែលកើតឡើងចេញពីក្រុមហ៊ុនអវកាសឯកជន SpaceX របស់លោក។
សម្រាប់អ្នកដែលមិនទាន់បានដឹង Starlink គឺជាក្រុមផ្កាយរណបដែលមានរយៈចម្ងាយជិតផែនដីបំផុត ហើយមានសមត្ថភាព និងគោលបំណងផ្តល់អ៊ីនធឺណិតល្បឿនលឿន ដល់កន្លែងដាច់ស្រយាលបំផុតនៅលើពិភពលោក។
គួរឲ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុន SpaceX បានបង្ហោះផ្កាយរណបប្រហែល ១ ០០០ គ្រឿងហើយ សម្រាប់បម្រើសេវាកម្ម ខណៈឥឡូវនេះកំពុងចុះឈ្មោះអតិថិជនដំបូងនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា។
ក្រុមហ៊ុន SpaceX បានចង្អុលបង្ហាញទីផ្សារគោលដៅសម្រាប់សេវាកម្មនេះ នៅក្នុងកំណត់ត្រាថ្មីៗដល់វិនិយោគិន។ ក្រុមហ៊ុនខាងលើកំពុងសម្លឹងមើលឃើញចំណែកទីផ្សារ ១ពាន់ពាន់លានដុល្លារ ដែលរួមបញ្ចូលអ៊ីនធឺណេតតាមជើងហោះហើរ, សេវាកម្មតាមសមុទ្រ ក៏ដូចជាតម្រូវការអ៊ីនធឺណិតនៅក្នុងប្រទេសដូចជា ចិន និងឥណ្ឌា ជាដើម៕