ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗទាំង ៧ របស់របស់គម្រោងព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤៖
១) ភាពជឿនលឿនផ្នែកសេដ្ឋកិច្ច នឹងជំរុញពាណិជ្ជកម្ម ដោយផ្តល់នូវភាពងាយស្រួល និងតម្លៃសមរម្យបន្ថែមទៀតទៅកាន់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ទាក់ទាញអ្នកវិនិយោគ និងជំរុញការពង្រីកសេដ្ឋកិច្ច។
២) កំណើនហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនទាំងមូល ជួយសម្រួលដល់ការចូលទៅកាន់តំបន់ដាច់ស្រយាលបានប្រសើរជាងមុន ជម្រុញសមាហរណកម្មក្នុងតំបន់ និងកំណើនសេដ្ឋកិច្ច។
៣) និរន្តរភាពបរិស្ថាន កាត់បន្ថយទឹកជំនន់ និងការអភិរក្សទឹក ដោយការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងការផ្លាស់ប្តូរលំហូរទឹក។ ជួយលើកកម្ពស់អេកូទេសចរណ៍ និងការពារសម្រស់ធម្មជាតិនៃផ្លូវទឹករបស់កម្ពុជាផងដែរ។
៤) ផលិតភាពកសិកម្ម អាចឱ្យប្រព័ន្ធធារាសាស្រ្តមានភាពល្អប្រសើរ ធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់តំបន់កសិកម្មជុំវិញ ដែលបាននាំទៅដល់ការពង្រឹងសន្តិសុខស្បៀង ជាមួយនឹងការដាំដុះអាហារសំខាន់ៗដូចជាអង្ករជាដើម។
៥) ការគ្រប់គ្រងទឹកក្នុងមូលដ្ឋាន ជួយគ្រប់គ្រងកម្រិតទឹក និងទប់ស្កាត់ការជន់លិចនៅក្នុងទីប្រជុំជនក្បែរនោះក្នុងរដូវវស្សាគឺជាអត្ថប្រយោជន៍ដ៏សំខាន់។
៦) អេកូទេសចរណ៍ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផ្តល់ឱកាសសម្រាប់ទេសចរណ៍ធម្មជាតិ ទាក់ទាញអ្នកស្រាវជ្រាវ និងអ្នកចូលចិត្តធម្មជាតិ រួមចំណែកដល់ការយល់ដឹងអំពីបរិស្ថាន និងផ្តល់ប្រាក់ចំណូលដល់សហគមន៍ក្បែរនោះ។
៧) វប្បធម៌ និងមោទនភាពជាតិ មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធមួយមុខឡើយ វាតំណាងឱ្យភាពសុខដុមរមនាក្នុងសង្គម ការអភិរក្សវប្បធម៌ និងការបំផុសគំនិតច្នៃប្រឌិត រំលេចនូវកេរដំណែលដ៏សំបូរបែបរបស់កម្ពុជា បណ្តុះអារម្មណ៍មោទនភាពជាតិចំពោះប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទទួលយកបទពិសោធន៍វប្បធម៌ដ៏រស់រវើករបស់ប្រទេសជាតិ។
គួរឲដឹងផងថា ព្រែកជីកហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំ ឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕