iPad Pro M4 ប៉ុន្មានម៉ូដែលបានជួបប្រទះបញ្ហាលេចចេញគ្រាប់អ៊ុចលើអេក្រង់។ នេះបើតាមការរាយការណ៍របស់អ្នកប្រើប្រាស់នៅលើបណ្ដាញ Reddit និងប្រភពពិភាក្សារបស់ព័ត៌មាន MacRumors។
អ្នកប្រើប្រាស់ដែលជួបបញ្ហាបានឲ្យដឹងថា គ្រាប់អ៊ុចនេះលេចចេញច្បាស់បំផុតពេលស្ថិតនៅទីងងឹត ដោយពន្លឺអេក្រង់កំណត់ត្រឹមកម្រិតភ្លឺល្មម ទៅទាប និងនៅពេលទស្សនាមាតិកាពណ៌ប្រផេះ ឬពណ៌ស្លេកៗ។ អ្នកខ្លះបានប្រៀបធៀបវាទៅនឹងរូបថតដែលបានកំណត់ ISO ខ្ពស់។
គួរកត់សម្គាល់ថាការរាយការណ៍ស្រដៀងគ្នានេះក៏មានលើស្មាតហ្វូន Samsung Galaxy S24 Ultra ផងដែរ។ Samsung គឺជាអ្នកផ្គត់ផ្គង់បន្ទះអេក្រង់សម្រាប់ iPad Pro M4 ទំហំ ១១អ៊ីញ ខណៈ LG Display ជាអ្នករ៉ាប់រងលើអេក្រង់ ១៣អ៊ីញ៕